អស់បញ្ហារឿងលុយដាក់ធ្មេញ! ពេលនេះអ្នកស្រាវជ្រាវជប៉ុនរកឃើញថ្នាំថ្មី លេបហើយធ្មេញដុះវិញ
បញ្ហាមាត់ធ្មេញ គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសខណៈពេលដែលឈានចូលវ័យធ្មេញលែងដុះ បើសិនជាមានការបាក់បែកខូចខាត មុខតែអស់លុយជាជាមួយនឹងពេទ្យធ្មេញ និង ត្រូវចំណាយពេលវេលាមិនតិចនោះទេ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងនេះ ថ្មីៗនេះក្រុមអ្នកសិក្សាស្រាវជ្រាវនៅប្រទេសជប៉ុនបានឱ្យដឹងថា ខ្លួនបានរកវិធីធ្វើឱ្យធ្មេញដុះឡើងមកវិញបាន ដោយនឹងប្រើប្រាស់សាកល្បងជាមួយមនុស្សនៅឆ្នាំក្រោយ និង រំពឹងថានឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០៣០ ខាងមុខ។
ក្នុងនោះ កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមអ្នកស្រាវជ្រាវនេះ ដែលមកពីថ្នាក់ទន្តសាស្រ្តនៃសកលវិទ្យាល័យតូក្យូ បានរកឃើញថាសែន USAG-1 គឺជាសែនដែលនាំឱ្យរាំងស្ទះក្នុងការធ្វើឱ្យធ្មេញដុះមកវិញនៅក្នុងសត្វកណ្តុរ ហើយបើសិនជាអាចទប់ស្កាត់វាបាន នោះធ្មេញនឹងអាចដុះមកវិញ។
បន្ទាប់ពីការរកឃើញ គេក៏បានបង្កើតជាអង្គបដិប្រាណ ដែលអាចទប់ស្កាត់ជាមួយនឹង USAG-1 បាន ព្រមទាំងបានយកមកសាកល្បងនៅលើសត្វសំពោច ដែលវាមានគ្រោងធ្មេញស្រដៀងមនុស្ស ហើយក៏ឃើញថា វាពិតជាមានប្រសិទ្ធភាពមែន។
ក្រោយពីសាកល្បងជាមួយសត្វបានជោគជ័យ ពួកអ្នកស្រាវជ្រាវនឹងចាប់ផ្តើមសាកល្បងជាមួយមនុស្សវិញ នៅខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ ហើយបើសិនជាបានសម្រេចគេនឹងយកមកប្រើប្រាស់ក្នុងវិស័យសុខាភិបាលភ្លាមៗ។ គួរឱ្យដឹងដែរថា គោលបំណងសំខាន់នៃការរកឃើញថ្មីនេះ គឺសម្រាប់ព្យាបាលអ្នកមានជំងឺ anodontia ដែលជាជំងឺមានធ្មេញមិនគ្រប់មកពីតំណពូជមុនគេ៕