រដ្ឋចរចាលុយខ្ទង់ម៉ឺនដុល្លារ តែមិនព្រមយក ១៣ ឆ្នាំក្រោយយំលែងចេញ ព្រោះដេកស្តាប់សំឡេងឡានង៉ោងៗរាល់ថ្ងៃ
ពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេតឃើញថាប្រទេសភាគច្រើនខំប្រឹងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធឱ្យកាន់តែទំនើបឡើង និង ទាន់សម័យ។ យ៉ាងណាមិញ នៅពេលមានការកែប្រែក៏មានអ្នកប្រឆាំងទាមទារតវ៉ា ជាពិសេសអ្នកដែលមានផ្ទះសម្បែងរស់នៅក្នុងតំបន់ដែលត្រូវអភិវឌ្ឍន៍ ដោយមិនចង់រើចេញ ឬ ចាកចោលលំនៅដ្ឋាន។
ជាក់ស្ដែងនៅឯតំបន់ Guangzhou ខេត្ត Guangdong ប្រទេសចិន មានករណីម្ចាស់ផ្ទះកំពូលចិត្តរឹងឈ្មោះ Liang ដែលទោះបីជារដ្ឋាភិបាលចរចាឱ្យសំណងច្រើនប៉ុនណា ឱ្យរើផ្ទះចេញដើម្បីធ្វើការអភិវឌ្ឍន៍ក៏មិនព្រមរើ ហើយសុខចិត្តរស់នៅក្នុងផ្ទះនោះរហូតមក បើទោះបីជាអ្នកជិតខាងក្នុងតំបន់នាំគ្នារើចេញអស់ក្ដី។
ក្នុងការចរចានៅឆ្នាំ ២០១០ មុនពេលអភិវឌ្ឍ រដ្ឋាភិបាលបានដោះដូរដោយឱ្យគ្រួសារអ្នកស្រី Liang នូវការកាន់កាប់កម្មសិទ្ធិផ្ទះថ្មីចំនួន ២ និង ទឹកប្រាក់ចំនួន ១ លាន ៣ សែនយ័ន (ប្រមាណ ១៨ ម៉ឺនដុល្លារ) ក៏អ្នកស្រីនៅតែមិនយល់ព្រម ដោយទាមទារផ្ទះថ្មីចំនួន ៤ ខ្នង និង ទឹកប្រាក់ ២ លានយ័ន (ប្រមាណ ២៨ ម៉ឺនដុល្លារ) ទើបព្រម។
ដោយអស់លទ្ធភាពក្នុងការបញ្ចុះបញ្ចូលម្ចាស់ផ្ទះ និង ការចរចាមិនត្រូវគ្នា រដ្ឋាភិបាលបានសម្រេចអភិវឌ្ឍន៍តំបន់នោះតាមគម្រោង ដោយចោះទុកផ្ទះអ្នកស្រី Liang មិនប៉ះពាល់។
រំលងទៅជាង ១៣ ឆ្នាំ បច្ចុប្បន្នតំបន់នោះបានក្លាយជាទីក្រុងទំនើប ហើយជុំវិញផ្ទះអ្នកស្រីគេបានសាងសង់ជាស្ពានហាយវេ Haizhuyong ដោយមានឡានបើកទៅមកជុំវិញយប់ថ្ងៃ បង្កសំឡេងរំខាន ហើយវាក៏ក្លាយជាទីចាប់អារម្មណ៍របស់អ្នកទេសចរ និង សារព័ត៌មានជាច្រើនជុំវិញពិភពលោក។ ចំណែកគ្រួសារអ្នកស្រី Liang នៅតែបន្ដរស់នៅក្នុងផ្ទះនោះដូចដើម៕