អស្ចារ្យណាស់! កូនភ្លោះ ៤ នាក់ កើតក្នុងពេទ្យនៅជាន់ទី ៤ ចៃដន្យប៉ះចំថ្ងៃទី ៤ ទៀត
ស្ត្រីម្នាក់ នៅក្រុង Los Angeles បានសម្រាលបានកូនភ្លោះចំនួន ៤ នាក់ នៅជាន់ទី ៤ នៃមន្ទីរពេទ្យ និង ថែមទាំងចំថ្ងៃឯករាជ្យ ទី ៤ កក្កដា ថែមទៀត ដែលភាពចៃដន្យនេះ ធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំង។
បើតាមសារព័ត៌មាន Dailymail បានឱ្យដឹងថា ស្ត្រីដ៏សំណាងខាងល្អ គឺសម្រាលកូនភ្លោះ ៤ នាក់ ដោយការវះកាត់ ប្រកបដោយសុវត្ថិភាព ដោយនាងទទួលបានកូនប្រុស ២ និង ស្រី ២ នាក់។ ចំពោះឈ្មោះរបស់ទារកដ៏គួរឱ្យស្រឡាញ់ទាំងនោះវិញ គឺនៅមិនទាន់បានដាក់ឱ្យនៅឡើយនោះទេ ប៉ុន្តែសមាជិកក្រុមគ្រួសាររបស់គេ បច្ចុប្បន្នហៅពួកគេថា «Quad Squad»។
ក្រោយទទួលបានកាដូជីវិតម្ដងដល់ទៅ ៤ នាក់ និង ចំថ្ងៃពិសេសផងទៀតនោះ នាង Sara Kahen Gutovich បានទម្លាយប្រាប់ពីអារម្មណ៍របស់នាង ដោយក្ដីរំភើបដូចនេះថា៖ «ខ្ញុំគិតថា ពួកគេហាក់ដូចជាកំពុងទាញចំណាប់អារម្មណ៍ពីមហាជនខ្លាំងណាស់។ ពួកយើង មិនអាចបានទៅមើលកាំជ្រួចក៏ពិតមែន ប៉ុន្តែពួកយើងបានឃើញអ្វីដែលជាអភូតហេតុពិតៗ»៕