ដល់-ក! បន្ទប់ជួលតម្លៃជាង ៦០ ដុល្លារមួយខែ តែឃើញសភាពបន្ទប់ហើយ ម្នាក់ៗគ្រវីក្បាលឆ្អែតបាយ
ថ្មីៗនេះ ផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គម Docbao វៀតណាម ក្រោយមានអ្នកបង្ហោះរូបបន្ទប់ជួលក្នុងតម្លៃជាង ៦០ ដុល្លារ ប្រកាសស្វែងរកអ្នកជួល ប៉ុន្ដែឃើញសភាពបន្ទប់ម្នាក់ៗបានត្រឹមហួសចិត្ត មិនហ៊ានសូម្បីតថ្លៃ។
យោងតាមការចុះផ្សាយបានឱ្យដឹងថា បន្ទប់ជួលមួយនេះគឺស្ថិតនៅក្នុងទីក្រុង Hanoi ប្រទេសវៀតណាម ដែលជាទីក្រុងទេសចរណ៍ល្បីឈ្មោះ ហើយមានប្រជាជនរស់នៅច្រើន។ តម្លៃនៃបន្ទប់នេះគឺ ១ លាន ៥ សែនដុងក្នុងមួយខែ (ប្រមាណជាង ៦០ ដុល្លារ)។ ដោយបច្ចុប្បន្នបន្ទប់ទំនេរ អ្នកជួលចាស់ទើបរើចេញ ថ្លៃភ្លើងគឺ ២ ០០០ ដុង (ប្រមាណ ០.០៨៥ ដុល្លារ) ក្នុងមួយខែ ចំណែកថ្លៃទឹកគឺ ១៧ ០០០ ដុង (ប្រមាណ ០.៧២ ដុល្លារ) ក្នុងមួយគីប ហើយអាចស្នាក់នៅបាន ២ នាក់។
ក្រោយបន្ទប់ជួលនេះ បានផុសឡើងក្នុងបណ្ដាញសង្គម មហាជនជាច្រើនក៏បានធ្វើការចែករំលែក ហើយខ្លះលើកឡើងថា ៖ «ទោះបីតម្លៃវាមិនថ្លៃខ្លាំង តែសភាពបន្ទប់គឺមិនអាចទទួលយកទេ», «គ្រាន់តែឃើញរូបក៏ព្រឺក្បាលមុនទៅហើយ ចុះទម្រាំទៅរស់នៅ»៕