ខឹងបុគ្គលិកហៅអ៊ំស្រី មិនហៅស្រីស្អាត ស្ត្រីអាយុ ៥០ ឆ្នាំម្នាក់ឡាំប៉ាមិនឱ្យលុយថ្លៃអាហារ ហើយនៅទារថ្លៃជំងឺចិត្តទៀត
រឿងរ៉ាវរបស់ស្រ្តីវ័យ ៥០ ម្នាក់ ដែលខឹងបុគ្គលិកហាងអាហារហៅថាអ៊ំស្រី ដល់ថ្នាក់មិនព្រមឱ្យលុយថ្លៃអាហារគេ ហើយថែមទាំងទារសំណងជំងឺចិត្តពីគេទៀត កំពុងតែធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមហួសចិត្តជាខ្លាំង។
រឿងរ៉ាវនេះ បានកើតឡើងនៅក្រុងក្វាងចូវ ប្រទេសចិន ដោយខាងហាងបានឱ្យដឹងថា នៅថ្ងៃកើតហេតុមានភ្ញៀវចំនួន ៣ នាក់ ក្នុងនោះប្រុស ២ នាក់ និង ស្រី ១ នាក់ បានមកចូលកុម៉្មង់អាហារហូបនៅក្នុងហាងរបស់ខ្លួន។ ខណៈយកអាហារមកដល់ ខាងបុគ្គលិកក៏បានប្រើប្រាស់ពាក្យសម្តីយ៉ាងសមរម្យ ក្នុងការដាក់អាហារលើតុឱ្យ ដោយប្រើពាក្យទៅកាន់ភ្ញៀវស្រីថាអ៊ំស្រី។
ក្រោយពីហូបអាហារហើយ ស្រាប់តែភ្ញៀវស្រីនោះរអ៊ូថា ការដែលត្រូវបុគ្គលិកហៅអ៊ំនេះគឺជាការមើលងាយ ព្រមទាំងអះអាងថា នៅក្រុងក្វាងចូវ មិនដែលហៅអ្នកអាយុច្រើនថាអ៊ំស្រីនោះទេ ភាគច្រើនគេហៅតែស្រីស្អាត ឬ បងស្រីស្អាតប៉ុណ្ណោះ។
បុគ្គលិកវិញ ឃើញស្ថានការណ៍មិនស្រួល ក៏បានប្រញាប់ទៅហៅម្ចាស់ហាងមក ម្ចាស់ហាងក៏បានសម្របសម្រួលតាមតែអាចទៅបាន តែខាងភ្ញៀវស្រីនោះមិនពេញចិត្តនោះទេ ដោយមិនព្រមចេញថ្លៃអាហារ ហើយថែមទាំងទារថ្លៃសងជំងឺចិត្តវិញ ចំនួន ២៧៥ ដុល្លារថែមទៀតផង។ ម្ចាស់ហាងអស់ជម្រើស ក៏បានទូរសព្ទហៅអាជ្ញាធរ ហើយក្រោយពីការសម្របសម្រួល ខាងហាងក៏បានសុំទោស និង យល់ព្រមចុះថ្លៃអាហារចំនួន ២០ ភាគរយឱ្យខាងភ្ញៀវ ជាការសងជំងឺចិត្តផងដែរ៕