ទៅធ្វើការតាមខេត្តទុកកូនឱ្យប្ដីមើល ៦ ថ្ងៃ ស្រាប់តែពេលមកវិញ ឃើញសភាពផ្ទះគាំងនិយាយមិនចេញ
ស្ត្រីម្នាក់បានចែករំលែករឿងរ៉ាវហួសចិត្តរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយ Tiktok ក្រោយនាងទុកប្ដីឱ្យនៅផ្ទះមើលកូនចំនួន ៦ ថ្ងៃ ដើម្បីចុះទៅបំពេញការងារនៅតាមខេត្ត តែពេលមកវិញសភាពផ្ទះគឺសុទ្ធតែសំរាម និងរបស់របររាយប៉ាយមើលមិនយល់។
ស្ត្រីម្នាក់ឈ្មោះថា Lynalice Bandy បានរៀបរាប់ថា៖ «ខ្ញុំដឹងថាប្ដីខ្ញុំជាមនុស្សខ្ជិល ប៉ុន្ដែមិនគិតថាដល់ថ្នាក់នេះឡើយ មកពីធ្វើការតាមខេត្ត ៦ ថ្ងៃ ឃើញសភាពផ្ទះគាំងចង់ខ្យល់ចាប់ គឺថាអ្វីៗគ្រប់យ៉ាងរាយប៉ាយពេញផ្ទះ គ្រប់បន្ទប់គឺគ្មានសណ្ដាប់ធ្នាប់សោះឡើយ។ នេះត្រឹម ៦ ថ្ងៃ ចុះបើខ្ញុំទៅយូរជាងនេះតើសភាពផ្ទះទៅជាយ៉ាងណា?»។
ក្រោយរឿងនេះផ្ទុះឡើង មហាជនជាច្រើនក៏បានធ្វើការចែករំលែក និងបញ្ចេញមតិដោយខ្លះលើកឡើងថា៖ «នាងគួរតែលែងប្ដីចោលទៅ រស់នៅមិនចេះជួយគ្នាបែបនេះ មានតែការហត់នឿយនោះទេ», «អ្នកពិតជាអ្នកម្ដាយដ៏អស្ចារ្យណាស់ ទោះបីមាត់រអ៊ូ ប៉ុន្ដែអ្នកនៅតែធ្វើការសម្អាតផ្ទះបានយ៉ាងស្រស់ស្អាត», «ប្ដីរបស់អ្នកសក្ដិសមតែនៅម្នាក់ឯង ជាមនុស្សប្រុសគ្មានទំនួលខុសត្រូវសោះ» ជាដើម៕