ទំនៀមចម្លែកនៃកុលសម្ព័ន្ធនៅចិន ទូលសក់ធ្ងន់ដូចទូលភ្នំ ជាការគោរពដល់ព្រលឹងដូនតា
មិនខុសប្លែកពីប្រទេសដទៃលើពិភពលោកនោះឡើយ ប្រទេសចិន គឺមានក្រុមជនជាតិភាគតិចកុលសម្ព័ន្ធមិនក្រោម ៥៥ ក្រុមនោះឡើយ។ ក្នុងចំណោមកុលសម្ព័ន្ធទាំងនោះដែរ ពពួកជនជាតិភាគតិច Miao គឺជាក្រុមជនជាតិភាគតិចមួយដែល មានចំនួនប្រជាជនច្រើនជាងគេក្រោមចំណោមកុលម្ព័ន្ធផ្សេងនៅចិន ដោយមានប្រជាជនសរុបជាង ១០ លាននាក់នាក់។ យ៉ាងណាមិញ ក្នុងចំណោមជនជាតិ Miao នេះ ក៏មានក្រុមកុលសម្ព័ន្ធតូចៗក្នុងនោះដែរ រួមមានកុលសម្ព័ន្ធ Suojia ឬ ក្រុម Longhorn Miao ជាដើម។
ជនជាតិភាគតិច Miao ឬនៅអាស៊ីស្គាល់ថា ជនជាតិ Hmong គឺជាជនជាតិមួយមានទំនៀមទម្លាប់វប្បធម៌ និង ភាសាដាច់ដោយឡែកពីជនជាតិចិន និង ក្រុមកុលសម្ព័ន្ធផ្សេងទៀតនៅប្រទេសចិន។ ក្នុងចំណោមទំនៀមទម្លាប់នៃជនជាតិនេះ ទំនៀមទូលសក់ដ៏ធំ និង យ៉ាងធ្ងន់ គឺទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជននានាលើពិភពលោក។
គួរបញ្ជាក់ថា ការទូលផ្នួងសក់ដ៏ធំដូចស្នែងនៅលើក្បាលស្ត្រីៗនៃជនជាតិ Longhorn Miao នេះដែរ គឺមិនមែនទូលជាប្រចាំថ្ងៃនោះទេ គឺគេរៀបចំឡើងតែអំឡុងពេលមានពិធីបុណ្យ ឬ កម្មវិធីពិសេសអ្វីមួយក្នុងកុលសម្ព័ន្ធតែប៉ុណ្ណោះ។
ទំនៀមនៃការពាក់សក់ដូនតាផ្នួងបន្តុបលើក្បាលនេះដែរ គឺធ្វើឡើងក្នុងបំណងគោរពដល់ដូនតារបស់ពួកគេដែលចែកឋានទៅ រួមទាំងចង់ថែរក្សាទំនៀមពីដូនតាដល់កូនចៅជំនាន់ក្រោយផងដែរ។ មុនពាក់ផ្នួងសក់ ប្រិយមិត្តប្រហែលជាឃើញឈើដែលគេកាត់មកដូចជាស្ដែងស៊កនៅក្រោមសក់នោះហើយ។ ឈើរាងដូចស្នែងនេះដែរ គឺមានអត្ថន័យជាច្រើនផ្សេងគ្នាទៅតាមការយល់ឃើញរបស់មនុស្សក្នុងកុលសម្ព័ន្ធនោះ។ ដូចជាតាមអបិយជំនឿមួយបានលើកឡើងថា ការពាក់ស្នែងរបស់ជនជាតិនេះ ដែលពីមុនរស់នៅក្នុងព្រៃភ្នំ គឺដើម្បីបន្លាចពពួកសត្វព្រៃកាចសាហាវនានាដែលចង់មកយាយី។
ដោយឡែក ចំពោះការលើកឡើងមួយផ្សេងទៀតបានឱ្យដឹងថា ជនជាតិ Miao ពាក់ឈើដូចស្នែងនៅពីក្រោយក្បាល គឺប្រៀបដូចជាពិធីជូនដំណើរស្ដេច Miao ដែលបានចូលទិវង្គតក្នុងសង្គ្រាម។ យ៉ាងណាមិញ មកដល់សម័យកាលក្រោយៗ ការពាក់ស្នែងនេះ គឺចាត់ទុកជាការលម្អខ្លួនមួយរបស់ពួកគេប៉ុណ្ណោះ៕