ស្រឡាញ់ក្រចកពេក ទុករហូតជាង ១៣ ម៉ែត្រ ដល់ថ្នាក់បំបែកកំណត់ត្រាពិភពលោក
ស្ត្រីម្នាក់ឈ្មោះ Armstrong មកពីរដ្ឋ Minnesota សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាពិភពលោកថ្មីលើក្រចកដ៏វែងបំផុតរបស់នាង ដែលមានប្រវែងរហូតដល់ជាង ១៣ ម៉ែត្រ ក្រោយនាងព្យាយាមថែរក្សាអស់រយៈពេល ២៥ ឆ្នាំ។
នាង Diana Armstrong អាយុ ៦៣ ឆ្នាំ មកពីរដ្ឋ Minnesota សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ បានទម្លាយថា ក្រចករបស់នាងមានប្រវែងសរុបគ្រប់ម្រាមចំនួន ១៣.០៦ ម៉ែត្រ។ ក្នុងនោះ ក្រចកនៅមេដៃខាងស្ដាំ គឺមានប្រវែងវែងជាងគេបំផុតរហូតដល់ ១.៣៩ ម៉ែត្រ ហើយសម្រាប់កូនដៃខាងឆ្វេងវិញ គឺក្រចកមានប្រវែងខ្លីជាងគេ គឺជិត ១.១ ម៉ែត្រ។
បើតាមឱ្យដឹង លោកស្រី Armstrong កាត់ក្រចករបស់នាងចុងក្រោយបំផុតគឺនៅក្នុងឆ្នាំ ១៩៩៧។ នាងបានឈប់លែងកាត់ក្រចករហូត ក្រោយកូនស្រីរបស់នាង Latisha បានស្លាប់ក្នុងវ័យត្រឹម ១៦ ឆ្នាំ ដោយជំងឺហឺត។ កូនស្រីរបស់នាង គឺជាមនុស្សម្នាក់គត់ដែលតែងតែកាត់ក្រចកឱ្យនាងជាប្រចាំ ប៉ុន្តែក្រោយនាងស្លាប់ទៅ Armstrong ក៏ស្បថថា នាងមិនធ្វើការកាត់ក្រចកតទៅទៀតនោះឡើយ។
គួរឱ្យដឹងថា កំណត់ត្រាចាស់នៃក្រចកវែងជាងគេបំផុតលើលោកនេះ គឺបានទៅលើនាង Ayanna Williamsប៉ុន្តែមកដល់ឆ្នាំ ២០២១ Williams បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក្រោយនាងសម្រេចចិត្តកាត់ក្រចកដ៏វែងរបស់នាងចោល ក្រោយថែទាំអស់ពេល ៣០ ឆ្នាំ៕