តិចអត់ដឹងចុះ! ការសិក្សាថ្មីរកឃើញថា «ដេកស្រ-ា.ត» អាចជួយសម្រកទម្ងន់
តើអ្នកដឹងឬទេ? យោងតាមការសិក្សាស្រាវជ្រាវ ជំងឺដែលកាចសាហាវបំផុតរបស់មនុស្សគឺជាជំងឺគេងមិនលក់ ដែលឈ្មោះជាភាសាបច្ចេកទេសគឺ chronic sleep deprivation ជាឃាតករលាក់មុខ បង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរបំផុតដល់មនុស្ស ជាពិសេសមនុស្សពេញវ័យ។ វាជំរុញបង្កឱ្យមានជំងឺទឹកនោមផ្អែមកម្រិតទី ២ ជំងឺបេះដូង និង បញ្ហាស្ទះសរសៃឈាម ការលើសទម្ងន់ និង ជំងឺសុខភាពផ្លូវចិត្ត ជាដើម។
ផ្ទុយទៅវិញ ជំងឺដែលរៀបរាប់ខាងលើ យើងអាចកែខៃឱ្យល្អប្រសើរបាន ដោយមិនអស់ប្រាក់មួយសេនគ្រាន់តែផ្លាស់ប្តូរទម្លាប់នៃការគេងរបស់អ្នក ពីការគេងដោយស្លៀកពាក់ធម្មតា មកជាការគេងដោយគ្មានវា ឬ យើងហៅថាជា ការគេងស្រាត។ ហេតុអីការគេងស្រាតអាចព្យាបាលជម្ងឺ ? ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំលោកអ្នករីករាយកម្សាន្តនូវអត្ថបទប្លែកថ្មីមួយទៀត អំពីគុណតម្លៃដ៏មហាសាលដែលអ្នកមិនធ្លាប់បានដឹងពីការគេងស្រាត ៖
១. អ្នកគេងអាក្រាតកាយលង់លក់លឿនជាងអ្នកគេងធម្មតា
តើប្រិយមិត្តដឹងទេថា សីតុណ្ហភាពរាងកាយអ្នក គឺជាគន្លឹះជំរុញឱ្យអ្នកដេកលក់។ វេជ្ជបណ្ឌិតសុខភាព បានលើកឡើងថា សីតុណ្ហភាព វាជាលំនាំជីវសាស្ត្រដែលដើរតួជា «នាឡិកា» របស់រាងកាយ ដើម្បីប្រាប់អ្នកថាឥឡូវនេះដល់ពេលដែលអ្នកត្រូវគេងហើយ។ ការគេងអាក្រាតកាយ នឹងអនុញ្ញាតឱ្យសីតុណ្ហភាពរាងកាយធ្លាក់ចុះលឿន ដែលវាជាឧត្តមប្រយោជន៍ដ៏មានប្រសិទ្ធភាពធ្វើឱ្យមនុស្សដែលគេងអាក្រាតសម្រាន្តលក់លឿន ដោយសារសីតុណ្ហភាពនៃរាងកាយអ្នកគេងអាក្រាតចុះលឿនផងដែរ។
២. កំណើនប្រសិទ្ធភាពនៃគុណភាពដំណេក
គុណភាពដំណេក គឺខុសពីគេងបិទភ្នែកធម្មតា ដែលវាមានន័យថា គេងបានស្លុងល្អ ឬ លក់ពេញភ្នែក ក្រោកឡើងមានអារម្មណ៍ស្រស់ថ្លា។ យោងតាមការសិក្សាមួយរបស់វិទ្យាស្ថានជាតិសុខាភិបាល បានរកឃើញថា សីតុណ្ហភាពបន្ទប់ដែលអ្នកគេង គឺជាកត្តាមួយដែលសំខាន់បំផុតក្នុងការសម្រេចបាននូវការគេងលក់ដែលមាន «គុណភាព»។ សីតុណ្ហភាព ត្រជាក់ពេក ឬ ក្តៅពេក វានឹងប្រតិកម្មដល់ចលនាភ្នែករបស់អ្នក ដែលជាហេតុធ្វើឱ្យអ្នកសុបិនច្រើន និង ជះឥទ្ធិពលដល់ខួរក្បាល ធ្វើឱ្យរាងកាយរបស់អ្នកងើបឡើងមានអារម្មណ៍មិនស្រស់ថ្លាទោះជាគេងបានគ្រប់ម៉ោងក៏ដោយ តែការកែខៃដោយ ការគេងអាក្រាត គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយដើម្បីស្តារសីតុណ្ហភាពរាងកាយឱ្យមានស្ថិរភាពឡើងវិញ ឈានទៅរកដំណេកដែលពេញដោយគុណភាព។
៣. គេងអាក្រាតជួយបង្ការការឡើងគីឡូ
វេជ្ជបណ្ឌិតសុខភាពបាននិយាយថា ការគេងតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃ បង្កឱ្យមានកំណើននូវកាឡូរីដែលជាខ្លាញ់ពណ៌ត្នោតក្នុងរាងកាយ និង សសៃឈាម ការរក្សាសីតុណ្ហភាពក្នុងរាងកាយពេលចូលដំណេក ដោយការកេងអាក្រាតកាយ ជួយបង្កើតសមត្ថភាពដុតបំផ្លាញកាឡូរីក្នុងរាងកាយបានច្រើន ជាងអ្នកគេងស្លៀកពាក់ធម្មតា។
៤. ជួយបង្កើនសមត្ថភាពបន្តពូជរបស់បុរស
យោងតាមការពិសោធលើបុរស ៦៥៦ នាក់ បុរសដែលស្លៀកខោខ្លី ឬ ខោរលុងពេលគេង មានទឹកអសុចិ (ទឹកកាម) បរិមាណច្រើនជាងបុរសស្លៀកខោខ្លីរឹប។ អ្នកដែលគេងអាក្រាតគឺមានបរិមាណទឹកអសុចិច្រើន និង សុខភាពល្អបំផុតក្នុងការបន្តពូជ ប្រកបដោយភាគរយខ្ពស់នៃមេជីវិតបុរស។
៥. ជួយប្រសិទ្ធភាពនៃចំណងមេត្រីភាពគូស្នេហ៍
តើអ្នកដឹងទេ? វេជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្របាននិយាយថា ការគេងសាច់ និង សាច់ប៉ះគ្នា ជួយបង្កើនចំណងសម័្ពន្ធភាពគូស្នេហ៍ឱ្យមានភាពស្និទ្ធស្នាលហើយកម្តៅនៃរាងកាយ ជួយរំសាយសម្ពាធខួរក្បាលឱ្យធូរស្រាលឆាប់រហ័ស ជួយឱ្យដំណេកអ្នកមានផាសុកភាព និង ក្រោកឡើងដោយស្មារតីភ្លឺជ្រះស្រឡះ ជាគូស្នេហ៍ដែលគេងជាមួយសម្លៀកបំពាក់។
៦. កាត់បន្ថយជំងឺគាំងបេះដូង និង ទឹកនោមផ្អែម
ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់នៅពេលយប់ អ្នកអាចប្រឈមនឹងជំងឺទឹកនោមផ្អែម ឬ ជំងឺបេះដូង។ ការសិក្សាឆ្នាំ ២០២០ លើទិន្នន័យពីមនុស្ស ១៤៥៥ នាក់ ក្នុងរយៈពេល ៦ ឆ្នាំ នៃអ្នកគេងតិចគឺប្រឈមហានិភ័យនៃជំងឺទឹកនោមផ្អែម ដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូង។ តាមរយៈការគេងស្រាត អ្នកអាចបង្កើនសមត្ថភាពរបស់អ្នកឱ្យគេងលក់បានលឿន ហើយទាញអ្នកពីជំងឺទាំងអស់នោះបានពីហានិភ័យទាំងនោះ តាមរយៈការកំណត់ការគេង និង ទីដំណេកប្រកបដោយគុណភាព។ ឃើញទេប្រិយមិត្ត? ចង់បានសុខភាពមួយដ៏ល្អមានអីទៅពិបាក គ្រាន់តែគេងឱ្យបានគ្រប់គ្រាន់ អ្នកបានជួយរាងកាយអ្នកយ៉ាងច្រើននឹកស្មានមិនដល់៕