ខឹងចិត្តឈ្លោះនឹងឪពុកម្តាយ កំពូលកូនសុខចិត្តប្រើពេល ៦ ឆ្នាំ ជីករូងក្រោមដី ដើម្បីសំងំធ្វើរឿងនេះ
ទូទៅការទាស់មាត់សម្តីជាមួយឪពុកម្តាយតិចតួចខ្លះៗ គឺជារឿងធម្មតារបស់ក្មេងៗវ័យជំទង់ ដែលជារឿយៗតែងតែមានអារម្មណ៍ឆេវឆាវរឹងទទឹងមិនស្តាប់បង្គាប់ពីញាតិមិត្ត ឬក៏អ្នកជុំវិញខ្លួន ។ ករណីនេះ មានអ្នកខ្លះអាចឆាប់បាត់ខឹងឆេវឆាវ ក្រោយពេលមានទំនាស់រួច តែអ្នកខ្លះបែរចូលចិត្តបៀមទុកគុំគួនខុសពីធម្មតាទៅវិញ ។
តួយ៉ាង ដូចជាករណីមួយនេះ បុរសជនជាតិអេស្ប៉ាញម្នាក់ឈ្មោះ Andres Canto សព្វថ្ងៃអាយុ ២០ ឆ្នាំ បានឱ្យដឹងថា នៅឆ្នាំ ២០១៥ ដែលកាលពីអាយុប្រមាណ ១៤ ឆ្នាំ បានឈ្លោះទាស់ទែងជាមួយឪពុកម្តាយ ដោយសារតែពួកគាត់ហាមមិនឱ្យស្លៀកឈុតកីឡាចេញទៅក្រៅផ្ទះប៉ុណ្ណោះ ។
បុរសនេះបន្តទៀតថា រូបគេបានមួម៉ៅកើតជាការរំខាន ក៏ចាប់ផ្តើមទាញចបកាយគាស់ជីកដីនៅសួនរបស់ខ្លួន តែគាត់មិនបានឈប់នៅពេលអារម្មណ៍ស្ងប់នោះទេ គឺគាត់បានបន្តចំណាយពេលជីករហូតដល់អស់រយៈពេល ៦ ឆ្នាំ ដោយប្រើពេលទំនេរត្រលប់មកពីសាលារៀនវិញ ។
ដោយឡែក ឥលូវនេះ បុរសម្នាក់នេះបានពេញចិត្តនឹងអ្វីដែលគាត់ធ្វើបានណាស់ ពោលគឺរូងដែលគាត់ជីកនេះមានជម្រៅរហូត ៣ ម៉ែត្រ ព្រមទាំងមានទាំងបន្ទប់ទឹក និង បន្ទប់អង្គុយលេង ថែមទាំងមានបំពាក់ និង ប្រព័ន្ធរក្សាកម្តៅថែមទៀតផង ។
យ៉ាងណាមិញ រូបភាព និង វីដេអូបន្ទប់ក្រោមដីរបស់បុរសម្នាក់នេះ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមដោយនឹកស្ញើចការខំប្រឹង ព្រមទាំងភាពច្នៃប្រឌិតរបស់លោក តែគេចុងក្រោយគេក៏មានភាពហួសចិត្ត ព្រមទាំងអស់សំណើចទៅវិញ ក្រោយបានដឹងរឿងរ៉ាវពិតប្រាកដរបស់មូលហេតុនៃការជីកមួយនេះទៅវិញ ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Timenownews