នៅឥណ្ឌាថ្មីទៀតហើយ! ខាំទំពាសត្វពស់ងាប់មិនញញើត ជឿថាអាចការពារឱ្យឆ្លងផុតពីជំងឺកូវីដ
បុរសជនជាតិឥណ្ឌាម្នាក់ ឈ្មោះ Vadivelu វ័យ ៥០ ឆ្នាំ ជាកសិករ មកពីតំបន់ Madurai ប្រទេសឥណ្ឌា ត្រូវបានក្រសួងអភិរក្សព្រៃឈើ និង សត្វព្រៃចាប់ខ្លួន ព្រមទាំងពិន័យជាប្រាក់ជាច្រើន បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកបានខាំទំពាសត្វពស់ងាប់មួយក្បាលយ៉ាងមិនរអា ព្រោះអះអាងថាអាចការពារខ្លួនពីជំងឺកូវីដ ។
វីដេអូមួយនោះ បានបង្ហាញពី Vadivelu កំពុងទំពាសត្វពស់មានពិសមួយក្បាល ថែមទាំងអះអាងថា សត្វពស់នេះជាថ្នាំដ៏ពូកែសម្រាប់ការពារពីការចម្លងជំងឺកូវីដ ហើយលោកបានបន្តថា លោកបរិភោគពួកវាជាប្រចាំទៀតផង។ ដោយឡែក មិនយូរប៉ុន្មាន ក្រោយពីវីដេអូនេះបានចែកចាយពាសពេញបណ្តាញសង្គម ក្រសួងអភិរក្សព្រៃឈើ និង សត្វព្រៃ ក៏បានបញ្ជូនក្រុមការងារទៅឃាត់ខ្លួនបុរសម្នាក់នេះតែម្តង ។
តាមការសាកសួរចម្លើយរបស់ក្រសួង បានឱ្យដឹងថា បុរសនេះ បានសារភាពអះអាងថា មានបុរសផ្សេងៗពីរបីនាក់ទៀតបានបង្ខំឱ្យគាត់បរិភោគវា ហើយពេលនោះលោកកំពុងតែស្រវឹងផងដែរនោះ ទើបធ្វើឱ្យលោកហ៊ានប្រព្រឹត្តយ៉ាងដូច្នេះ ។
យ៉ាងណាមិញ ក្រសួងបានបន្តឱ្យដឹងថា Vadivelu ពិតជាសំណាងណាស់ហើយ ដែលមិនបានខាំចំកន្លែងផ្ទុកពិសរបស់វា ហើយពិសពស់នេះមានផ្ទុកសារធាតុម្យ៉ាងដែលធ្វើឱ្យស្ពឹកមិនអាចដំណើរការបានសព្វរាងកាយតែម្តង កាលបើបានប៉ះផ្ទាល់ ឬ ចឹកខាំដោយសារវា ៕
ប្រភព៖ Timesnownews