សំណាងម្ល៉េះ! បុរសម្នាក់ មានប្រពន្ធ ៣ ហើយ បែរជាប្រពន្ធទាំង ៣ ស្រុះដៃគ្នាជួយរកប្រពន្ធទី ៤ ឱ្យទៀត
បុរសសញ្ជាតិប៉ាគីស្ថានម្នាក់ ដែលត្រូវបានឲ្យដឹងថា មានប្រពន្ធ ៣ រួចមកហើយនោះ បែរកំពុងស្វែងរកស្ត្រីគាប់ចិត្តមកធ្វើជាភរិយាទី ៤ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺ ការរកដៃគូជីវិតក្រោយនេះ គឺទទួលបានការជួយជ្រោមជ្រែងពីភរិយាមុនៗរបស់លោកថែមទៀត ។
បុរសម្នាក់ឈ្មោះ Adnan បានរៀបការលើកដំបូងនៅអាយុ ១៦ ឆ្នាំ ខណៈរូបលោកនៅកំពុងសិក្សានៅឡើយ ។ មកដល់ ៤ ឆ្នាំក្រោយ លោកក៏បានរៀបការជាមួយភរិយាទី ២ ខណៈភរិយាទី ៣ ទើបតែរៀបការកាលពីឆ្នាំមុន ។
ក្នុងកិច្ចសម្ភាសជាមួយ Daily Pakistan លោក Adnan បាននិយាយថា ប្រពន្ធទាំង ៣ របស់លោក បាននាំគ្នាជួយរកដៃគូជីវិតទី ៤ ឲ្យលោកក្រោមលក្ខខណ្ឌមួយ ។ លោកបានបន្ថែមថា ភរិយាទាំង ៣ គឺសុទ្ធតែមានឈ្មោះផ្ដើមដោយអក្សរ S (Shumbal, Shabana និង Shahida) ហើយលោកសង្ឃឹមថា ភរិយាទី ៤ នឹងមានឈ្មោះផ្ដើមដោយអក្សរ S ដូចគ្នាដែរ ។
ជីវិតរស់នៅជាមួយភរិយាដល់ទៅ ៣ នាក់ គ្រប់គ្នាប្រាកដជាគិតថា ពួកគេអាចនឹងមិនមានសុភមង្គល ឬមិនចុះសម្រុងគ្នា ប៉ុន្តែធាតុពិតរបស់គ្រួសារមួយនេះគឺផ្ទុយស្រឡះពីអ្វីដែលគ្រប់គ្នាបានគិត ។ បញ្ហាតែមួយដែលភរិយាទាំង ៣ របស់ Adnan ជួបប្រទះ និងតែងតែនាំគ្នារអ៊ូរទាំនោះគឺ ស្វាមីរបស់ពួកគេគឺមិនសូវយកចិត្តទុកដាក់លើពួកនាង ៕
ប្រភព៖ timesnownews