បុរសម្នាក់ដើរជាង ៤០០ គីឡូម៉ែត្រដើម្បីកាត់ស្ត្រេស ដោយសារតែឈ្លោះគ្នាជាមួយប្រពន្ធ
បុរសជនជាតិអ៊ីតាលីម្នាក់ បានទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម ក្រោយរូបលោក បានបន្តដើរឥតគោលដៅចម្ងាយ ៤១៨ គីឡូម៉ែត្រ ដើម្បីកាត់ស្ត្រេស ក្រោយរូបលោកមានជម្លោះជាមួយប្រពន្ធ។
បុរសវ័យ ៤៨ ឆ្នាំម្នាក់ មកពីក្រុង Como ប្រទេសអ៊ីតាលី ត្រូវបានឲ្យដឹងថា មានជម្លោះជាមួយប្រពន្ធជាខ្លាំង។ ដោយការធុញទ្រាន់ពេក រូបលោកក៏បានចាកចេញពីផ្ទះ រួចដើរលំហែតាមផ្លូវដើម្បីបន្ធូរអារម្មណ៍ ។
ដោយគិតថា ប្ដីរបស់ខ្លួន គ្រាន់តែចេញក្រៅ ទៅផឹកទឹកបន្ធូរអារម្មណ៍អ្វីទេ ប៉ុន្តែបែរជាមួយសប្ដាហ៍ហើយ នៅមិនឃើញប្ដីត្រឡប់មកវិញទៀត ស្ត្រីជាប្រពន្ធក៏បានដាក់ពាក្យទៅប៉ូលិស ដើម្បីតាមរកប្ដីរបស់ខ្លួន ។
ងាកមកប្ដីរបស់នាងវិញ គឺត្រូវបានប៉ូលិសឃាត់ទុក នៅប៉ុស្តិ៍ក្នុងតំបន់ Gimarra ដែលមានចម្ងាយ ៤១៨ គីឡូម៉ែត្រពីផ្ទះរបស់គាត់ ដោយពេលនោះដែរ អំឡុងពេលបើកឡានល្បាត ពួកគេក៏ប្រទះឃើញលោកកំពុងដើរតាមផ្លូវ នៅម៉ោង ២ ភ្លឺ ។ ពួកគេក៏ឈប់ឡាន ហើយសាកសួរប៉ុន្មានសំនួរ ក៏ចុងក្រោយនាំលោកទៅប៉ុស្តិ៍ប៉ូលិសតែម្ដង ។
តាមការសាកសួរ បុរសជាប្ដីរូបនេះ បានប្រាប់ប៉ូលិសថា ដើមហេតុដែលលោកចេះតែដើរបែបនេះ ដោយសារតែលោកឈ្លោះគ្នាជាមួយប្រពន្ធ ហើយក៏សម្រេចចិត្តដើរចេញពីផ្ទះតែម្ដង ដើម្បីកាត់ស្ត្រេស។ ក្នុងការដើរចម្ងាយដ៏ឆ្ងាយនេះ លោកបាននិយាយទៀតថា លោកនៅរស់ ដោយសារតែបានអាហារ និងទឹក ដែលមនុស្សចិត្តល្អនៅតាមផ្លូវគេឲ្យ ។
ក្រោយមក បុរសរូបនេះ ត្រូវបានប៉ូលិសផ្ដល់ដំណឹងដល់ប្រពន្ធលោក ឲ្យមកទទួលលោកទៅផ្ទះរបស់ខ្លួនវិញ ៕
ប្រភព៖ Kenh14