គ្រាន់ឃ្លានបឺហ្គឺ សេដ្ឋីវ័យក្មេងម្នាក់ ជះលុយជិត ៣ ពាន់ដុល្លារ ជួលឧទ្ធម្ភាគចក្រជិះទៅញុំា!
សេដ្ឋីសញ្ជាតិរុស្ស៊ីម្នាក់ ហាក់ឃ្លានបឺហ្គឺ និងដំឡូងបារាំងបំពងខ្លាំង រហូតដល់លោកហ៊ានចំណាយប្រាក់ប្រមាណ ២ ៦៧៧ ដុល្លារ ជួលឧទ្ធម្ភាគចក្រជិះទៅញ៉ាំនៅហាង McDonald ។
សេដ្ឋីរុស្ស៊ីវ័យ ៣៣ ឆ្នាំ Viktor Martynov កំពុងសម្រាកលំហែកាយនៅតំបន់ Crimea ដែលជាកន្លែងមួយហាមប្រាមក្រុមហ៊ុនអាហារមួយចំនួនដូចជា McDonald ជាដើម មិនឲ្យធ្វើការលក់ដូរនៅទីនោះឡើយ ។
ពិតណាស់ វារៀងពិបាកប្រសិនបើយើងនៅ Crimea ប៉ុន្តែឃ្លានអាហាររបស់ McDonald នោះ ។ ទោះជាយ៉ាងណា រឿងនេះគឺងាយស្រួលដោះស្រាយបំផុតសម្រាប់អ្នកជាសេដ្ឋីដូចលោក Martynov ។ ដោយការឃ្លានអាហារធម្មតាមួយនេះ រូបលោកបានជួលឧទ្ធម្ភាគចក្រមួយ ធ្វើដំណើរចេញពីតំបន់នោះ ទៅកាន់តំបន់ផ្សេងទៀត ដើម្បីបំពេញតម្រូវការខ្លួនមួយពេល ។
តាមសម្ដីរបស់សេដ្ឋីរូបនេះ បាននិយាយថា «រឿងរ៉ាវគឺបែបនេះឯង! ខ្ញុំកំពុងសម្រាកលំហែកាយជាមួយមិត្តស្រីខ្ញុំនៅ Alushta ។ ភ្លាមៗ ពួកយើងក៏ឃ្លានអាហារសាមញ្ញនៅ Moscow ហើយយើងក៏សម្រេចចិត្តជួលឧទ្ធម្ភាគចក្រមួយ ហោះទៅ Krasnodar និងទៅ McDonald ញ៉ាំអីនៅទីនោះ ហើយក៏ហោះត្រឡប់មកវិញ» ៕
ប្រភព៖ Ladbible