ក្មេងស្រីម្នាក់ ស្រឡាញ់តួអង្គសត្វចម្លែក Godzilla ពេក រហូតសុំរៀបការមែនទែន
ខណៈមនុស្សភាគច្រើន មានក្ដីស្រមៃអាចណាត់ជួបនឹងតារាក្នុងដួងចិត្តខ្លួន ដូចជា Henry Cavill ឬ Angelina Jolie អ្វីជាដើម ប៉ុន្តែសម្រាប់ក្មេងស្រីរូបនេះវិញ បែរជាមានក្ដីស្រមៃ អាចណាត់ជួបគ្នាជាមួយនឹងតួអង្គ Godzilla ។
ក្មេងស្រីជនជាតិជប៉ុនឈ្មោះ Seira Watanabe អាយុ ១៣ ឆ្នាំ គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយរូបទៅលើតួអង្គច្នៃប្រឌិតក្នុងរឿង ។ ការស្រឡាញ់របស់នាងមានទំហំធំខ្លាំង រហូតនាងបានធ្វើការសរសេរទៅកាន់កម្មវិធីទូរទស្សន៍ Osaka «Tentei! Knight Scoop» ក្នុងក្ដីសង្ឃឹមសុំអង្វរឲ្យរូបនាងអាចធ្វើការណាត់ជួបជាមួយតួអង្គសត្វចម្លែក Godzilla បាន ។
បើតាមសារព័ត៌មាន Kotaku បានបញ្ជាក់ថា ក្នុងសំបុត្ររបស់ក្មេងស្រីរូបនោះ នាងក៏បានសរសេរថា «ក្ដីស្រឡាញ់របស់ខ្ញុំគឺធំធេងណាស់ រហូតខ្ញុំចង់រៀបការជាមួយ Godzilla » ។
ក្ដីប្រាថ្នារបស់ Seira បានក្លាយជាការពិត ហើយគូស្នេហ៍មនុស្ស និងសត្វចម្លែកនេះ បានធ្វើការដើរលេងជាមួយគ្នានៅសារមន្ទីរ Godzilla លើកោះ Awaji ដោយក្រោយមក ពួកគេបានទៅលើឆ្នេរសមុទ្រគយគន់ថ្ងៃលិចជាមួយគ្នា ពោរពេញដោយភាពផ្អែមល្ហែម និងក្ដីសុខបំផុត ។
ខណៈពេលពេលវេលានៃការណាត់ជួបជិតដល់ពេលបញ្ចប់ ក្មេងស្រីស្រស់ស្អាតរូបនេះ បានធ្វើការឱប និងថើបដៃគូរបស់ខ្លួន មុនពេលធ្វើការសុំតួអង្គសត្វចម្លែករៀបការ ។ តែទោះជាយ៉ាងណា សំណើររបស់នាងមួយនេះ ត្រូវបាន Godzilla បដិសេធ បើទោះបីជារូបគេបានបំពេញបំណងនាងច្រើនមកហើយក្ដី ៕
ប្រភព៖ Unilad