បុគ្គលិកពន្ធនាគារម្នាក់ជាប់ទោស ក្រោយពិន័យអ្នកទោសឲ្យឈរស្ដាប់បទ «Baby Shark» ២ ម៉ោង
អតីតបុគ្គលិកពន្ធនាគារក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិកចំនួន ៣ នាក់ អាចជាប់ទោសពីបទឧក្រិដ្ឋ ក្រោយពួកគេបង្ខំទណ្ឌិតឲ្យស្ដាប់បទ «Baby Shark»ច្រំដែលឡើងវិញចុះឡើងៗ ទុកជាការពិន័យ ។
លោក Christian Miles និង Gregory Butler ជាមន្ត្រីប្រចាំពន្ធនាគារ Oklahoma County Jail រួមទាំងអតីតប្រធានរបស់ពួកគេ Christopher Hendershott ត្រូវបានជាប់ចោទកាលពីថ្ងៃច័ន្ទ ទី ០៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ពីបទសមគំនិតគ្នា និងការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅទៅលើទណ្ឌិតក្នុងគុក ។
ការដាក់ទណ្ឌកម្មនោះ កើតឡើងយ៉ាងហោចណាស់ចំនួន ៥ ដងក្នុងខែវិច្ឆិកា និងខែធ្នូ ពាក់ព័ន្ធនឹងទណ្ឌិតចំនួន ៥ នាក់ ដោយម្នាក់ៗត្រូវពិន័យផ្សេងៗគ្នា ។ លោក Miles និង Butler បានដាក់ទណ្ឌិតនីមួយៗក្នុងបន្ទប់ទទេមួយ ។ ក្រោយមក ពួកគេទាំង ២ បានដាក់ខ្នោះអ្នកទោសរូបនោះផ្អិបនឹងជញ្ជាំង ដោយបង្ខំឲ្យពួកគេឈរស្ដាប់បទ «Baby Shark» ដដែលរយៈពេលរហូតដល់ទៅ ២ ម៉ោង ។
បើតាមអ្នកស៊ើបអង្កេត បានអះអាងថា បទចម្រៀងមួយនេះ ត្រូវបានឆ្មាំគុកទាំង ២ នាក់នោះយកមកធ្វើជាការលេងសើច ហើយបទមួយនេះដែរ ផ្ដល់ផលប៉ះពាល់ផ្លូវអារម្មណ៍របស់អ្នកទោសជាខ្លាំង ខណៈប្រធានរបស់ពួកគេសមគំនិត និងអនុញ្ញាតឲ្យពួកគេធ្វើបែបនេះ ៕
ប្រភព៖ straitstimes