រឿងរ៉ាវប្រវត្តិសាស្ត្រ នៃការបង់ពន្ធតាមទំហំដើមទ្រូងរបស់ស្ត្រីក្នុងប្រទេសឥណ្ឌា
នៅដើមឆ្នាំ ១៨០០ ប្រព័ន្ធនៃការយកពន្ធលើដើមទ្រូងស្ត្រី ត្រូវបានធ្វើឡើងដោយស្ដេចនៃអាណាចក្រ Travancore ដែលជាអាណាចក្រឥណ្ឌាបុរាណ ។ តាមច្បាប់មួយនោះ ស្ត្រីដែលមានឋានៈតូចទាប គឺត្រូវបានបង្ខំឲ្យមិនមានពាក់អាវបិទបាំងខ្លួនឡើយ ហើយប្រសិនបើពួកគេនៅតែមានបំណងចង់យកអ្វីមកបិទបាំងនោះ ពួកគេនឹងត្រូវទទួលការពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ។
មន្ត្រីនៃរាជវាំងនឹងដើរតាមភូមិនីមួយៗ ហើយធ្វើការប្រមូលពន្ធទៅលើស្ត្រីដែលឈានដល់វ័យជំទង់ ។ ចំនួនពន្ធដែលត្រូវបង់នោះ គឺគិតទៅតាមទំហំនៃដើមទ្រូងរបស់ពួកគេ ។ ខាងមន្ត្រីគយនឹងធ្វើការពិនិត្យមើលដោយប្រើដៃរបស់ពួកគេផ្ទាល់ ហើយគិតថ្លៃពន្ធទៅតាមទំហំនៃដើមទ្រូងរបស់ស្ត្រីទាំងនោះ ។ ស្ត្រីណាដែលមានដើមទ្រូងកាន់តែធំ នោះទឹកប្រាក់ដែលត្រូវបង់គឺកាន់តែច្រើនតាមនោះ ។
ទង្វើនៃច្បាប់មួយនេះ បង្កើតឡើងក្នុងបំណងរក្សាវណ្ណៈសង្គម ប៉ុន្តែអ្វីដែលសំខាន់ជាងនេះនោះគឺ ការប្រមូលពន្ធទាំងនេះ គឺបានមានការរើសអើងចំពោះស្ត្រីថ្នាក់ទាបជាខ្លាំង ។ ស្ត្រីដែលមានឋានៈខ្ពស់ គឺអនុញ្ញាតឲ្យបិទបាំងដើមទ្រូងរបស់ពួកគេបាន ដោយគ្មានការរឹតត្បិត ឬច្បាប់ណាដែលអាចបង្ខំពួកគេឲ្យធ្វើរឿងឆ្កួតឡប់បែបនេះឡើយ ។
នៅសម័យនោះ សម្លៀកបំពាក់គឺចាត់ទុកជារបស់ដែលមានតម្លៃដូចមាសពេជ្រ ។ អ្នកមានឋានៈតូចទាបគឺមិនមានសិទ្ធិ និងអនុញ្ញាតឲ្យស្លៀកពាក់បានជិតត្រឹមត្រូវឡើយ ។ ច្បាប់ដ៏អយុត្តិធម៌មួយនេះ បានធ្វើឲ្យមានការស្អប់ និងខឹងសម្បារពីសំណាក់ស្ត្រីនៃត្រកូលឋានៈតូចទាប ហើយនៅពេលនោះដែរ ក៏មានស្ត្រីក្លាហានម្នាក់ឈ្មោះ Nangeli បានសម្រេចចិត្តក្រោកឈរឡើងប្រឆាំងនឹងច្បាប់មួយនេះ ។
រឿងរ៉ាវមួយនោះកើតមានឡើងនៅពេលខាងមន្ត្រីគយបានចុះទៅផ្ទះរបស់ Nangeli ដើម្បីទារពន្ធ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ជាជាងការឲ្យលុយថ្លៃពន្ធ ស្ត្រីក្លាហានរូបនេះ បានទាញកណ្ដៀវមកកាត់ផ្ដាច់ដើមទ្រូងរបស់ខ្លួន ហើយដាក់សាច់ដែលដាច់នោះលើស្លឹកចេក រួចប្រគល់ឲ្យមន្ត្រីទាំងនោះ ។
ជាអកុសល ដោយសារតែការហូរឈាមច្រើនពេក Nangeli ក៏បានស្លាប់នៅថ្ងៃដដែលនោះឯង ។ រឿងរ៉ាវដ៏គួរឲ្យសោកសង្រេងបានបន្តកើតឡើងបន្ថែមទៀត ដោយប្ដីរបស់នាងក៏បានធ្វើអត្តឃាតខ្លួនដោយការលោតចូលគំនរភ្លើងដែលបូជាសពប្រពន្ធរបស់ខ្លួននោះដែរ ។
ហេតុការណ៍មួយនេះ បានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំង រហូតធ្វើឲ្យប្រជាជននៃអាណាចក្រនោះ បានធ្វើការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងព្រះមហាក្សត្រខ្លួន ។ ដោយមានការភ័យខ្លាចខ្លាំង រួមជាមួយនឹងការរងសម្ពាធមួយចំនួនពីរដ្ឋាភិបាលក្រុង Madras ស្តេចរូបនោះក៏បង្ខំចិត្តបញ្ចប់ច្បាប់មួយនេះនៅក្នុងឆ្នាំ ១៩២៤ ។
ការលះបង់របស់ Nangeli បានបញ្ចប់ច្បាប់ដ៏ចម្លែកមួយនេះដែលអនុវត្តឡើងជាងមួយសតវត្ស ហើយកន្លែងដែលនាងពលីជីវិតនោះ បច្ចុប្បន្នត្រូវបានប្រជាជនសាងសង់រូបសំណាករបស់នាង ដោយហៅឈ្មោះថា Mulachiparambu មានន័យថា «រឿងរ៉ាវនៃស្ត្រីននលគោកម្នាក់» ៕
ប្រភព៖ Kenh14