សេតវិមានអាមេរិក សម្រេចផ្ដល់សិទ្ធិដល់លោក Joe Biden ក្នុងការបញ្ឈប់ការប្រើ TikTok ក្នុងប្រទេស
សារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៣ នេះថា កាលពីថ្ងៃទី ០១ ខែមីនាកន្លងទៅ គណៈកម្មាធិការការបរទេសរបស់សភាអាមេរិក បានអនុម័តផ្តល់អំណាចឱ្យលោកប្រធានាធិបតី Joe Biden មានសិទ្ធិក្នុងការហាមឃាត់ការប្រើប្រាស់ TikTok ដែលជាកម្មវិធីរបស់ចិន។
ពាក់ព័ន្ធនឹងបញ្ហានេះ សមាជិកសភាបានបោះឆ្នោត ២៤ សំឡេងទល់នឹង ១៦ សំឡេង ដើម្បីអនុម័តការផ្តល់អំណាចដល់រដ្ឋាភិបាល ដើម្បីដាក់បម្រាមហាមឃាត់កម្មវិធី ByteDance ដែលបានប្រើប្រាស់ដោយជនជាតិអាមេរិក ជាង ១០០ លាននាក់ ក៏ដូចជាកម្មវិធីផ្សេងទៀត ដែលជាកម្មវិធីមានហានិភ័យ។ ចំណែកឯ លោក Michael McCaul ប្រធានគណៈកម្មាធិការសាធារណៈរដ្ឋបានលើកឡើងថា ៖ «TikTok បានគំរាមកំហែងដល់សន្តិសុខជាតិ ហើយដល់ពេលដែលយើងត្រូវចាត់ការវាហើយ»។ លោកបានបញ្ជាក់ទៀតថា «អ្នកណាដែលមាន TikTok ក្នុងទូរសព្ទរបស់ពួកគេ គឺពួកគេបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់គេទៅឱ្យ CCP (បក្សកុម្មុយនិស្តចិន) ហើយវាក៏បានក្លាយជាកម្មវិធីសម្រាប់ស៊ើបការណ៍សម្ងាត់នៅក្នុងទូរសព្ទ»។
ដោយឡែក បន្ទាប់ពីមានការបោះឆ្នោតនេះ ខាងអ្នកនាំពាក្យក្រុមហ៊ុន TikTok វិញបាននិយាយថា ៖ «ការហាមប្រាមរបស់សហរដ្ឋអាមេរិកលើ TikTok គឺជាការហាមឃាត់លើការនាំចេញវប្បធម៌ និង តម្លៃរបស់ជនជាតិអាមេរិក ទៅកាន់មនុស្សរាប់ពាន់លាននាក់ ដែលបានប្រើប្រាស់សេវាកម្មរបស់យើងនៅទូទាំងពិភពលោក»។ ផ្ទុយទៅវិញអ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បាននិយាយថា ៖ «TikTok បានបង្កបញ្ហាជាច្រើន ដូច្នេះយើងមានការព្រួយបារម្ភអំពីរឿងនេះ ដោយសាវាទាក់ទងនឹងទិន្នន័យរបស់ជនជាតិអាមេរិកយើង»។
យ៉ាងណាមិញ គណៈកម្មាធិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ហៅកាត់ថា CFIUS ដែលជាស្ថាប័នសន្តិសុខជាតិដ៏សំខាន់ ក្នុងឆ្នាំ ២០២០ បានផ្តល់អនុសាសន៍ជាឯកច្ឆ័ន្ទថា ក្រុមហ៊ុន ByteDance នឹងផ្តាច់ TikTok ចេញ ដោយសារតែមានការភ័យខ្លាចថា ទិន្នន័យអ្នកប្រើប្រាស់អាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលរបស់ប្រទេសចិន ខណៈដែល TikTok និង CFIUS ក៏បានចរចាអស់រយៈពេលជាង ២ ឆ្នាំលើតម្រូវការសុវត្ថិភាពទិន្នន័យនេះ ហើយ TikTok បាននិយាយថាខ្លួនបានចំណាយច្រើនជាង ១.៥ ពាន់លានដុល្លារលើកិច្ចខិតខំប្រឹងប្រែងការពារសុវត្ថិភាពទិន្នន័យនេះ ដោយបានបដិសេធចំពោះការចោទប្រកាន់ពីបទចារកម្មនេះ។
គួរបញ្ជាក់ដែរថា បញ្ហាក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិក ហាក់ឡើងកម្ដៅជាថ្មី ក្រោយពីមានបញ្ហាទាក់ទងនឹងភាពភ័យខ្លាចរឿងបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ រហូតធ្វើឱ្យរដ្ឋាភិបាលអាមេរិកបញ្ជាឱ្យលុបកម្មវិធីនេះចេញឱ្យអស់ពីប្រព័ន្ធទំនាក់ទំនងផ្លូវការអាមេរិក។ ការបញ្ជានេះដែរ គឺសំដៅដល់ការលុបចេញសម្រាប់អ្នកប្រើប្រាស់ក្នុងស្ថាប័នរដ្ឋតែប៉ុណ្ណោះ ហើយការបោះឆ្នោតនេះក៏បានទុករយៈពេល ៣០ ថ្ងៃដល់លោក Joe Biden ក្នុងការចាត់ការកម្មវិធីនេះ ស្របពេលដែលប្រទេសមួយចំនួន ដូចជា ឥណ្ឌា កាណាដា តៃវ៉ាន់ និង ប្រទេសនៅអឺរ៉ុបផ្សេងទៀត ក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ ចំពោះក្រុមហ៊ុន TikTok៕