កាលពីថ្មីៗនេះ រដ្ឋបាលចំណីអាហារ និង ឱសថរបស់ថៃ FDA បានចេញសេចក្តីប្រកាសថា ក្លងហឺតថ្នាំបុរាណ រូបមន្តទី ២ ចុះលេខបញ្ជី G 308/62 របស់ម៉ាកហង្សថៃ បានផលិតឡើងខុសស្តង់ដារ ដោយមិនបានធ្វើតេស្តរកមេរោគឱ្យបានត្រឹមត្រូវ ដែលបង្កឱ្យមានមេរោគ ៣ ប្រភេទដូចជា Total Aerobic Microbial Count, Total Combined Yeasts and Mould Count និង Clostridium spp។

យ៉ាងណាមិញ ខាងក្រុមហ៊ុនហង្សថៃបានឆ្លើយតបដោយការព្រមទទួលយកលទ្ធផលត្រួតពិនិត្យនេះ ព្រមទាំងប្រកាសប្រមូលក្លងហឺតដែលសង្ស័យថាមានផ្ទុកមេរោគចំនួន ២ សែនក្លងពីទីផ្សារមកវិញ ហើយនឹងត្រៀមយកទៅបំផ្លាញចោលតែម្តង។ ដោយឡែក ខាងក្រុមហ៊ុនបានសុំទោសទៅអ្នកលក់ និងអ្នកប្រើប្រាស់ចំពោះករណីនេះហើយសន្យាថានឹងផ្តល់សំណងទឹកប្រាក់ ក៏ដូចប្រគល់ផលិតផលថ្មីឱ្យប្រើប្រាស់ជំនួសវិញ។

ក្រុមហ៊ុនក៏បានសន្យាដែរថា នឹងកែលម្អដំណើរការផលិត ដោយបង្កើនការសម្លាប់មេរោគដោយកាំរស្មីអ៊ុលត្រាវីយូឡេ និងរឹតបន្តឹងដំណើរការផលិតឱ្យប្រសើរឡើងជាងមុន ក៏ដូចជាបង្កើតការត្រួតពិនិត្យគុណភាពនៅគ្រប់ដំណាក់កាលនៃកាផលិត៕



ប្រភព៖ Khaosod