កាក់កបលើមុខជំនួញ អ៊ីវ៉ា ចាយលុយញើសឈាមទិញរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ
មហាជនអ្នកគាំទ្ររបស់តារាចម្រៀង អ៊ីវ៉ា ប្រាកដជាបានដឹងមកហើយថា បច្ចុប្បន្នក្រៅពីមានឈ្មោះល្បីជោគជ័យលើវិស័យចម្រៀង តារាស្រីរូបនេះក៏កំពុងកាន់កាប់មុខជំនួញផ្ទាល់ខ្លួនជាច្រើនផងដែរ។
ក្នុងនោះ កញ្ញា អ៊ីវ៉ា ត្រូវបានគេដឹងថាកន្លងមកនាងបានបើកហាងសម្លៀកបំពាក់ និង ហាងផលិតផលរក្សាសម្រស់ ព្រមទាំងហាងលក់អាហារនៅស្រុកកំណើតខេត្តកំពង់ស្ពឺ ដែលកំពុងដំណើរការយ៉ាងកាក់កបគួរសមផងដែរ។
ស្របពេលកំពុងជោគជ័យទាំងវិស័យសិល្បៈ និង ជំនួញ កញ្ញា អ៊ីវ៉ា តែងបង្ហាញពីជីវិតឯកជនរបស់នាងធូរធារខ្លាំង មានផ្ទះធំទ្រនំខ្ពស់ ជិះឡានទំនើបៗចាយជីវិតនៅលីវយ៉ាងមានក្ដីសុខជាមួយក្រុមគ្រួសារ។ ជាក់ស្ដែង ថ្មីៗនេះ អ៊ីវ៉ា កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញ Story ហ្វេសប៊ុករបស់នាងបង្ហោះរូបភាពបាញ់លុយពីកុងធនាគារផ្ទាល់ខ្លួន ៦១ ៤៩០ ដុល្លារទិញរថយន្តទំនើបថ្មីម៉ាក Hyundai Staria 2023 មួយគ្រឿង។ ក្នុងនោះ ក៏បានឃើញអ្នកគាំទ្រ បងប្អូនអ្នកសិល្បៈចូលរួមអបអរសាទរចំពោះរបស់ទ្រព្យថ្មីរបស់នាងផងដែរ៕