ឈរលើសង្វៀនប្រកួតជាង ២០ ឆ្នាំ ឥឡូវអាយដល ចន ស៊ីណា កីឡាកាសពិភពលោក ប្រកាសចូលនិវត្តន៍ហើយ
WWE Wrestling គឺជាសង្វៀនប្រដាល់មួយដែលល្បីរន្ទឺទូទាំងពិភពលោក។ និយាយដល់ឈ្មោះ ចន ស៊ីណា នរណាដែលថាមិនល្បី ហើយមិនស្គាល់នោះ។ យ៉ាងណាមិញ ក្រោយប្រឡូកលើសង្វៀនជាច្រើនឆ្នាំ កីឡាកាសដែលបានប្រែខ្លួនមកជាតារាសម្តែងនៅក្នុងរឿងហូលីវូដជាច្រើនរូបនេះ បានប្រកាសថ្មីថ្មោងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយថា លោកនឹងចូលនិវត្តន៍ ចាកចេញពីសង្វៀន WWE នៅឆ្នាំក្រោយ។
ការប្រកាសកាលពីថ្ងៃចន្ទនេះ កីឡាកាស ចន ស៊ីណា និយាយថា លោកនឹងមានគម្រោងបង្ហាញខ្លួនជាមួយ WWE ប្រមាណ ពី ៣០ ទៅ ៤០ ដងទៀត មុនពេលលោកចូលនិវត្តន៍នៅក្នុងឆ្នាំ ២០២៥។ ជាក់ស្តែង នៅក្នុងសន្និសីទកាសែត Monday in the Bank លោកបានលើកឡើងថា៖ «ការធ្វើជំនួញនៅអាជីពនេះគឺពិតជាមានប្រជាប្រិយភាព និង ការទទួលស្គាល់ខ្លាំង។ តែមានវាអ្វីដែលធំមួយចំនួនទៀតដែលនឹងត្រូវបោះជំហានបន្ត ជាពិសេស ការបង្ហាញខ្លួននៅលើ Netflix (ចេញផ្សាយអំឡុងខែមករា ឆ្នាំ ២០២៥) ហើយខ្ញុំពិតជាមានមោទកភាពដែលបានក្លាយជាបុគ្គលនៅក្នុងសង្វៀនប្រដាល់ WWE ដែលគ្រប់គ្នាហៅឈ្មោះ និង និយាយពីខ្ញុំ។ ពេលវេលាមកដល់ហើយ តស់! ធ្វើអ្វីមួយដែលអាចនាំយើងឆ្ពោះទៅមុខទៅជាមួយគ្នា»។
ប្រឡូកសង្វៀនកីឡាកាស WWE តាំងពីឆ្នាំ ២០០០ កីឡាកាស ចន ស៊ីណា វ័យ ៤៧ ដណ្តើមបានខ្សែក្រវាត់ជើងឯកចំនួន ១៦ ហើយឆ្នាំក្រោយនេះគឺជាការបង្ហាញខ្លួនលើកចុងក្រោយរបស់លោក។ ចន ស៊ីណា បាននិយាយទៀតថា គេនាំគ្នានិយាយថាពួកកីឡាកាសចាកចេញ តែស្រួលមិនស្រួលពីរឆ្នាំទៀតអាចត្រលប់មកវិញ ប៉ុន្តែលោកថា លោកនឹងចង់ឱ្យកត់ត្រាទុកតែម្តងចំពោះការចាកចេញនេះ។
គួរឱ្យដឹងដែរថា តាំងពី ចន ស៊ីណា ចាប់ផ្តើមល្បីល្បាញនៅលើសង្វៀន WWE លោកក៏បានចាប់ផ្តើមជោគជ័យទន្ទឹមគ្នាជាមួយការសម្តែងភាពយន្តផងដែរ។ ក្នុងនោះភាពយន្តល្បីៗដែលលោកបានសម្តែងរួមមាន៖ «Barbie» , «The Suicide Squad» និង «Fast & Furious»៕