កំពុងត្រៀមប្រដាល់ នឹកឃើញអីយកជើងទាត់គូថនារីលើកស្លាក មានអីចុះពីសង្វៀនមិនទាន់ ត្រូវមហាជននាំគ្នាព្រួតដាក់ទ្រោមខ្លួន
លើបណ្តាញសង្គមកំពុងផ្ទុះរឿងរ៉ាវរបស់កីឡាករប្រដាល់ម្នាក់ ដែលនឹកឃើញអីទៅយកជើងទាត់គូថនារីលើកស្លាក ធ្វើឱ្យមហាជននាំគ្នាផ្ទុះកំហឹង ដោយគ្រាន់តែចុះពីសង្វៀនមិនទាន់ គេនាំគ្នាព្រួតវាយទ្រោមខ្លួន។
តាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ កីឡាករខាងលើមានឈ្មោះថា Ali Hebati ជាជនជាតិអ៊ីរ៉ង់ បានឡើងទៅប្រកួត នៅក្នុងកម្មវិធីប្រដាល់ Hard Fighting Champion (HFC) នាប្រទេសរុស្សី។ មុនពេលប្រកួត ខណៈដែលនារីម្នាក់កំពុងលើស្លាកដើរនៅក្នុងសង្វៀន ស្រាប់តែរូបគេក៏យកជើងទៅទាត់គូថនាងដោយមិនមានមូលហេតុ ដែលធ្វើឱ្យនាងកើតការមិនពេញចិត្ត តែខាងខណៈកម្មការក៏បានសម្របសម្រួល ហើយការប្រកួតក៏ដំណើរទៅមុខបាន។
យ៉ាងណាមិញ ការប្រកួតចប់ទៅយ៉ាងរហ័ស ព្រោះតែ Hebati ត្រូវដៃគូឡើងសង្កត់ជាប់ និងវាយយកមិនដកដៃ រហូតគណៈកម្មការបញ្ចប់ការប្រកួតត្រឹម ៣០ វិនាទីដំបូងនៃទឹកទីមួយ ប៉ុន្តែគេក៏បានទៅលួចវាយដៃគូ ខណៈចប់ទឹកថែមទៀត ដែលធ្វើឱ្យមហាជនផ្ទុះកំហឹងជាខ្លាំង ហើយក៏នាំគ្នាទៅព្រួតវាយយ៉ាងចាស់ដៃ នៅពេលដែលគេចេញពីសង្វៀនវិញ។ ដោយឡែក ក្រោយមក Hebati ក៏បានចេញវីដេអូសុំទោស ដោយបានឱ្យដឹងថា ខ្លួនគោរពស្រ្តី ព្រោះជាបុរសមានប្រពន្ធទៅហើយដែរ តែដោយសារពេលនោះ ស្រ្តេសខ្លាំងពេក ក៏បានធ្លោយធ្វើរឿងមិនគប្បីបែបនេះ។ យ៉ាងណាក៏ដោយ ខាង HFC ក៏បានបិទសិទ្ធ Hebati មិនឱ្យមកប្រកួតក្នុងកម្មវិធីខ្លួនមួយជីវិត ហើយថែមទាំងមិនឱ្យតម្លៃខ្លួនក្នុងការប្រកួតលើកនេះទៀត៕