ឡើងប្រដាល់លើកដំបូង មិនប្រើក្បាច់គុនទេ បែរជាទៅខាំដៃគូប្រកួត ចុងក្រោយចាញ់ទាំងអាម៉ាស់
មហាជនអ្នកគាំទ្រកំពុងតែអស់សំណើចលាយឡំទៅនឹងការហួសចិត្ត ជាមួយនឹងការប្រកួតប្រដាល់ដាក់ទ្រុង (UFC) មួយ ដែលមានកីឡាករម្នាក់បានចាញ់យ៉ាងអាម៉ាសមុខ ហើយត្រូវគេបង្អាកសកម្មភាពប្រកួតទៀត ក្រោយពីបានខាំដៃគូប្រកួតសឹងតែដាច់សាច់ខណៈពេលកំពុងប្រកួត។
ខាងប្រកួតខាងលើនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ នៅរដ្ឋ Las Vegas សហរដ្ឋអាមេរិក ដោយកីឡករដែលត្រូវប៉ះគ្នា គឺ Igor Severino និង Andre Lima ដែលនេះគឺជាការប្រកួតលើកទីមួយរបស់ Igor Severino នៅលើសង្វៀន UFC នេះ។ ក្នុងនោះដែរ ការប្រកួតនៅលើទឹកទីមួយបានបញ្ចប់ទៅបានល្អ តែសម្រាប់នៅទឹកទីពីរវិញ ស្រាប់តែ Igor Severino បានខាំ Andre Lima នៅចំដៃខាងឆ្វេង ដែលធ្វើឱ្យគណៈកម្មការមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏បានបញ្ឈប់ការប្រកួត ព្រមទាំងដកហូតសិទ្ធិការប្រកួតរបស់គេភ្លាមៗផងដែរ។
យ៉ាងណាមិញ អ្នកគាំទ្រក៏ភ្ញាក់ផ្អើលមិនចាញ់គ្នានោះដែរ ហើយនេះនៅក្នុងប្រវត្តិសាស្រ្តហើយ ដែលកីឡាករត្រូវបានគេដកសិទ្ធិដោយសារតែខាំដៃគូប្រកួតនោះ។ ដោយឡែក Andre Lima ដែលជាកីឡាករដែលត្រូវគេខាំ ក៏ត្រូវបានគេលើកទឹកចិត្តជារង្វាន់លុយសុទ្ធប្រមាណ ២៥ ០០០ ដុល្លារផងដែរ៕