ចិន ប្រកាសផ្អាកជើងហោះហើរ និង សាលាជាច្រើន ក្រោយរងការវាយប្រហារពីព្យុះទឹកកកដ៏ខ្លាំងក្លា
សារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ បានចុះផ្សាយឱ្យដឹងថា អាកាសធាតុត្រជាក់ខ្លាំងមិនធម្មតា និង ព្យុះទឹកកក បានវាយប្រហារភាគឦសានប្រទេសចិន ដែលធ្វើឱ្យប្រទេសនេះ ត្រូវបង្ខំចិត្តផ្អាកជើងហោះហើររាប់រយ និង បិទសាលារៀនជាច្រើនកន្លែង ស្របពេលដែលទីក្រុងមួយចំនួន បានប្រកាសជូនដំណឹងព្រមានពីបញ្ហាអាកាសធាតុធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ព្រិលបានធ្លាក់ដល់កម្ពស់ ២៥ សង់ទីម៉ែត្រ នៅតាមផ្លូវជាង ៩០ ភាគរយនៃច្រកចូលផ្លូវល្បឿនលឿនក្នុងខេត្ត Jilin ហើយនៅក្នុងខេត្ត Heilongjiang ភាគខាងជើងបំផុតនៃប្រទេស ផ្លូវដែកក្នុងស្រុកក៏បានផ្អាកខ្សែរថភ្លើងដឹកអ្នកដំណើរចំនួន ៥១ ខ្សែផងដែរ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពអ្នកដំណើរ។
ទន្ទឹមនឹងនេះ សារព័ត៌មានរដ្ឋ Jimu បានឱ្យដឹងដែរថា ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ ខណៈដែលសាលារៀន សាលាមត្តេយ្យ និង គ្រឹះស្ថានបណ្តុះបណ្តាលក្រៅបរិវេណសាលា នៅក្នុងតំបន់ភាគច្រើននៃទីក្រុង Harbin រដ្ឋធានី Heilongjiang ត្រូវបានបិទជាបណ្ដោះអាសន្ន ហើយអ្នកព្យាករណ៍អាកាសធាតុជាតិរបស់ប្រទេសចិន បានជូនដំណឹងឱ្យដឹងដែរថា កម្រិតនៃអាកាសធាតុបានឈានដល់ពណ៌ទឹកក្រូចហើយ ព្រមទាំងមានការរំពឹងទុកថា នឹងមានព្រិលធ្លាក់កាន់តែច្រើននៅក្នុងតំបន់ Jilin និង Heilongjiang ។
យ៉ាងណាមិញ ប្រភពដដែលបានបញ្ជាក់ទៀតថា កាលពីព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ជើងហោះហើរចំនួន ៤០៥ ត្រូវបានលុបចោលនៅអាកាសយានដ្ឋានអន្តរជាតិ Harbin Taiping ហើយជើងហោះហើរជាច្រើនត្រូវបានលុបចោលផងដែរនៅក្នុងខេត្ត Jilin និង Liaoning ។
ម្យ៉ាងវិញទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ដែរថា អាជ្ញាធរអាកាសធាតុរបស់ប្រទេសចិន បានព្រមានថា សីតុណ្ហភាពនឹងបន្តចុះត្រជាក់ខ្លាំងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ព្រមទាំងមានព្រិលធ្លាក់ខ្លាំងផងដែរ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយសង្គម បានឱ្យដឹងទៀតថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ភាគខាងជើងនៃប្រទេសចិន បានជួបប្រទះនឹងអាកាសធាតុចម្លែកៗជាច្រើន ដូចជា ឡើងកម្ដៅខ្លាំងមិនធ្លាប់មានអស់រយៈពេលជាច្រើនទស្សវត្ស បន្ទាប់មកក៏មានការថយចុះខ្លាំងនៃសីតុណ្ហភាពទៀត៕