លោកគ្រូអេ ទម្លាយអារម្មណ៍យ៉ាងរំជួលចិត្ត ក្រោយទទួលបានពានគ្រូបង្វឹកឆ្នើមលើកទីមួយក្នុងឆាកជីវិត
ធ្លាប់តែកាន់ពានប្រកួត និង ខ្សែក្រវ៉ាត់ប្រកួតជាច្រើនរាប់មិនអស់ ស្រាប់តែនៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ ស្ដេចប្រដាល់កែងឆេះជង្គង់ហោះ លោកគ្រូ អេ ភូថង បានបង្ហោះទម្លាយអារម្មណ៍រំភើបរបស់លោក ដែលទទួលបានពានពិសេស ១ ដែលលោកពុំធ្លាប់ទទួលបានក្នុងអាជីពជាគ្រូបង្វឹក ផ្នែកកីឡាប្រដាល់គុនខ្មែរ។
ពានដែលលោកគ្រូអេ ភូថង ទទួលបាននោះគឺពានគ្រូបង្វឹកគុនខ្មែរឆ្នើម ដែលជាពានទី ១ លោកទទួលបានក្នុងមួយឆាកជីវិតរបស់លោករួមដំណើរជាមួយគុនខ្មែរ។ ស្ដេចប្រដាល់រូបនេះ បានបញ្ជាក់នៅលើផេករបស់លោកបែបនេះថា ៖ «អត់មានអីត្រូវនិយាយ! ពានប្រកួតប្រដាល់ខ្ញុំស្គាល់អស់ហើយ ហើយក៏មានច្រើនដែរ តែពានមួយនេះខ្ញុំមិនដែលស្គាល់មិនដែលមាន ហើយនេះក៏ជាលើកទីមួយរបស់ខ្ញុំក្នុងឆាកជីវិត ដែលបានធ្វើជាម្ចាស់ពាននេះ គឺពានគ្រូបង្វឹកគុនខ្មែរឆ្នើម។ សូមអគុណដល់ស្ថានីយថោនដែលបានឃើញពីតម្លៃរបស់ខ្ញុំ»។
គួរឱ្យដឹងផងដែរថា ពានរង្វាន់ខាងលើគឺលោកគ្រូ អេ ភូថង ទទួលបានបន្ទាប់ពីសិស្សរបស់លោកគឺ កីឡាករ ធឿន ធារ៉ា បានវាយផ្ដួលយកឈ្នះកីឡាករជនជាតិរ៉ូម៉ានី ឱ្យសន្លប់ត្រឹមទឹកទី ១ កាលពីយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ៕