
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិបង់ក្លាដែស ១-០ ក្នុងទឹកដីខ្លួនឯង នៅក្នុងការប្រកួតមិត្តភក្ដិអន្តរជាតិ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្រោយចាញ់ការប្រកួត ក្រុមគោព្រៃកម្ពុជា ក៏ដូចជាទស្សនិកជនដែលគាំទ្រកីឡាបាល់ទាត់ បង្ហាញអារម្មណ៍សោកស្ដាយជាពន់ពេក ប៉ុន្ដែអ្នកគាំទ្រនៅតែបន្តលើកទឹកចិត្តដល់ក្រុមគោព្រៃ ព្រោះថាពួកគេបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។
ងាកទៅកីឡាករ ចាន់ វឌ្ឍនាកា ដែលបានបង្ហាញខ្លួនលើដំបូងក្នុងការប្រកួតកាលពីយប់ថ្ងៃទី ១៥ ខែមិថុនា បន្ទាប់ពីលោកជាសះស្បើយពីរបួស ក៏បានសម្រក់ទឹកភ្នែកក្នុងទីលាន បង្ហាញពីការសោកស្ដាយជាខ្លាំង។
ក្នុងនោះ កីឡាករពាក់អាវលេខ ១១ រូបនេះ បានបង្ហោះសារបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនលើហ្វេសប៊ុកថា ៖ «យើងបានដឹងថាមិនមែនជាលទ្ធផលដែលយើងចង់បានពីការប្រកួតម្សិលមិញ សូម្បីតែរូបខ្ញុំផ្ទាល់ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើបន្តគឺសិក្សាកែប្រែពីកំហុស សម្រាប់កីឡាបាល់ទាត់គឺគ្មានកីឡាករម្នាក់ណាអាចធ្វើបានល្អឥតខ្ចោះនោះឡើយ ពួកយើងពិតជាសុំទោស ក៏ដូចជាអរគុណសម្រាប់ការគាំទ្រក្រុមទាំងមូល អ្វីដែលយើងត្រូវចងចាំនោះគឺពាក្យថា ឆន្ទៈ ប្រឹងប្រែង ព្យាយាម អត់ធ្មត់ និង ត្រូវចេះមានការឈឺចាប់។ ពួកយើងពិតជាអរគុណអ្នកគាំទ្រទាំងអស់គ្នាដែលតែងអត់ធ្មត់ គាំទ្រ នឹង នៅជាមួយពួកយើង»៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា