
ឥទ្ធិពល Messi! ទៅក្រុងប៉េកាំងម្ដង មនុស្សផ្អើលពពាក់ពពូនកកកុញសម្រុកទៅជួបឃើញមុខផ្ទាល់
វត្តមានរបស់កំពូលកីឡាករបាល់ទាត់ Lionel Messi នៅក្រុងប៉េកាំង កំពុងតែបង្កការភ្ញាក់ផ្អើលខ្លាំង រហូតអ្នកគាំទ្រជាច្រើន នាំគ្នាសម្រុកពពាក់ពពូនគ្នា ប្រមូលផ្ដុំពេញមុខសណ្ឋាគារ ដែល Messi ស្នាក់នៅ ដើម្បីបានជួបមុខដោយផ្ទាល់។
គួរឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ កីឡាករបាល់ទាត់ Lionel Messi រួមជាមួយក្រុមកីឡាកររួមអាជីពនៅអាហ្សង់ទីន បានធ្វើដំណើរដល់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអូស្ត្រាលី នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ។
រយៈពេលត្រឹម ១ ម៉ោងក្រោយ Messi ទៅដល់ hashtag #Messi in Beijing បានក្លាយជា trending កំពូលលើបណ្ដាញសង្គម Weibo នៅចិន។ ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាសម្រុកទៅកាន់ព្រលានយន្តហោះប៉េកាំង និង សណ្ឋាគារ Four Seasons ដើម្បីបានជួបនឹងតារាក្នុងដួងចិត្តគេផ្ទាល់៕