រំជួលចិត្ត! ម្តាយស្ល-ា..ប់បាន ១ ថ្ងៃ កីឡាករ ប៊ិន ឧត្តម ស៊ូទៅប្រកួតតំណាងជាតិលើវិញ្ញាសាបាល់ទាត់ពិការចលករខួក្បាល
កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ មហាជនស្នេហាវិស័យគុនខ្មែរ ហាក់ស្លុតចិត្តយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងមរណភាពរបស់លោកស្រី ឡុង រ៉ាវី ម្ចាស់ក្លិបប្រដាល់គុនខ្មែរ «ខ្លារខិនមានរិទ្ធ» ដែលជាស្ត្រីខ្មែរដំបូងបានក្លាយទៅប្រធានក្លិបប្រដាល់។
ដំណឹងដ៏សោកសៅខាងលើនេះ បានធ្វើឱ្យមហាជន កីឡាករប្រដាល់ និង អ្នកស្នេហាវិស័យគុនខ្មែរជាច្រើនស្លុតចិត្ត និង ចូលរួមរំលែកទុក្ខជាច្រើនដល់គ្រួសារអ្នកគ្រូផងដែរ។
ក្រោយពីមរណភាពរបស់លោកស្រី ឡុង រ៉ាវី ហើយនោះ មហាជនក៏កាន់តែរំជួលចិត្តខ្លាំងឡើង ក្រោយពីឃើញរូបភាពកូនប្រុសរបស់លោកស្រី គឺកីឡាករ ប៊ិន ឧត្តម បានបង្ហាញវត្តមានក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ លើវិញ្ញាសាបាល់ទាត់ពិការចលករខួក្បាល។
ក្នុងនោះ មហាជនអ្នកទស្សនាក្តុកក្តួលយ៉ាងខ្លាំង ព្រោះកីឡាករ ប៊ិន ឧត្តម ទើបជួបទុក្ខធំម្តាយស្លាប់បាន ១ ថ្ងៃ តែកីឡាករក្រុមបាល់ទាត់ពិការចលករខួក្បាលកម្ពុជារូបនេះ បានទៅបំពេញកាតព្វកិច្ចដើម្បីប្រទេសជាតិ។
បើទោះជាការប្រកួតមិនអាចទទួលបានភាពជោគជ័យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័តក៏ពិតមែន តែកីឡាករ ប៊ិន ឧត្តម ត្រូវបានមហាជនស្ញើចសរសើរពីទឹកចិត្តមុះមុតក្នុងនាមជាកីឡាករកម្ពុជា ដែលបានលះបង់ដ៏ធំធេង បើទោះជាបុណ្យសពម្តាយរៀបចំមិនទាន់រួចរាល់ក្តី៕
រូបភាព៖ Cambodia 2023