អស្ចារ្យណាស់! វ៉ិត ចន្ថា ក្លាយជាកីឡាការិនីកម្ពុជាដំបូងគេ ឈ្នះមេដាយមាស ៣ គ្រឿង ក្នុងឆ្នាំតែមួយ នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម
ជារឿងដ៏គួរឱ្យរំភើប និង សប្បាយរីករាយ ដោយកីឡាការិនី វ៉ិត ចន្ថា បានក្លាយជាកីឡាការិនីកម្ពុជាម្នាក់បានឈ្នះមេដាយមាស ៣ គ្រឿង ក្នុងឆ្នាំតែមួយ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣។ នេះបើតាមការឱ្យដឹងពី Cambodia 2023 នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣។
តាមរយៈជ័យជំនះជាបន្តបន្ទាប់នេះរួមមាន ឈ្នះមេដាយមាសទី ១ សម្រាប់វិញ្ញាសាលោតចម្ងាយ មេដាយមាសទី ២ លើវិញ្ញាសារត់ចម្ងាយ ៤០០ ម៉ែត្រ និងមេដាយមាសទី ៣ លើវិញ្ញាសារត់ចម្ងាយ ២០០ ម៉ែត្រ បានធ្វើឱ្យមហាជនខ្មែរអ្នកស្នេហាវិស័យកីឡា នាំគ្នាស្ងើចសរសើរព្រោងព្រាត ខណៈកន្លងមកមានតែកីឡាករ វ៉ាន់ វ៉ុន ម្នាក់ប៉ុណ្ណោះ ដែលបានក្លាយជាកីឡាករកម្ពុជាដំបូងគេ ឈ្នះមេដាយមាស ៣ គ្រឿង ក្នុងឆ្នាំតែមួយ នៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីលើកទី ៧ ឆ្នាំ ២០១៤ កន្លងទៅ ប្រារព្ធឡើងនៅប្រទេសមីយ៉ាន់ម៉ា៕