ជើងឯកពិភពលោក បំបែកកំណត់ត្រារត់ប្រណាំងចម្ងាយ ១០០ ម៉ែត្ររយៈពេលក្រោម ១០ វិនាទី បានទទួលមរណភាពហើយ
នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ នេះ សារព័ត៌មានបរទេសមួយចំនួនបានចុះផ្សាយថា បុរសដំបូងគេ ដែលបានបញ្ចប់ការរត់ប្រណាំងចម្ងាយ ១០០ ម៉ែត្រក្នុងរយៈពេលក្រោម ១០ វិនាទីបានទទួលមរណភាពក្នុងអាយុ ៧៦ ឆ្នាំ។
អត្តពលិកពិភពលោក និង កីឡាអូឡាំពិក ក៏បានចូលរួមកាន់ទុក្ខចំពោះការបាត់បង់លោក Jim Hines ដែលជាបុរសដំបូងគេ ដែលបានបញ្ចប់ការរត់ប្រណាំងចម្ងាយ ១០០ ម៉ែត្រក្នុងរយៈពេលក្រោម ១០ វិនាទី ដោយលោកបានទទួលមរណភាពក្នុងវ័យ ៧៦ ឆ្នាំ។
កាលពីឆ្នាំ ១៩៦៨ លោក Hines បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយ ដោយសម្រេចបាននូវពេលវេលាត្រឹម ៩.៩ វិនាទី នៅជើងឯកសហរដ្ឋអាមេរិក លើវិញ្ញាសារត់ចម្ងាយ ១០០ ម៉ែត្រ ហើយក្រោយមកលោកក៏បានបំបែកកំណត់ត្រារបស់ខ្លួនឯងម្ដងទៀតនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ១៩៦៨ ក្នុងទីក្រុងម៉ិកស៊ិក ដោយទទួលបានមេដាយមាស លើវិញ្ញាសាដដែល ប៉ុន្តែប្រើប្រាស់ពេលវេលា ៩.៩៥ វិនាទី។
លោក Hines បានកើតនៅរដ្ឋ Arkansas ក្នុងឆ្នាំ ១៩៤៦ និង បានធំធាត់ឡើងនៅ Oakland រដ្ឋកាលីហ្វ័រញ៉ា ហើយលោកក៏បានចូលរៀននៅសាកលវិទ្យាល័យ Texas Southern ជាកន្លែងដែលលោកបានចូលរួមរត់ប្រណាំងសម្រាប់ក្រុម Tigers Tracks មុនពេលចូលរួមក្នុងការប្រកួតជើងឯកថ្នាក់ជាតិ និង កីឡាអូឡាំពិក។ មិនតែប៉ុណ្ណោះ លោកក៏ទទួលបានមេដាយមាស ពីការរត់ប្រណាំង ៤x១០០ របស់សហរដ្ឋអាមេរិក ដែរ។
គួរបញ្ជាក់ដែរថា កំណត់ត្រារបស់លោក Hines នៅតែមិនអាចបំបែកបានអស់រយៈពេលជិត ១៥ ឆ្នាំរហូតដល់ឆ្នាំ ១៩៨៣ ទើប Calvin Smith បានបំបែកកំណត់ត្រានោះបាន ដោយបញ្ចប់ការរត់ប្រណាំងក្នុងរយៈពេលត្រឹមតែ ៩.៩៣ វិនាទី ដែលនេះបានធ្វើឱ្យលោក Hines ក្លាយជាអ្នកកាន់កំណត់ត្រាយូរបំផុតសម្រាប់ការរត់ចម្ងាយ ១០០ ម៉ែត្រក្នុងប្រវត្តិសាស្ត្រ ១១០ ឆ្នាំនៃការរក្សាកំណត់ត្រារបស់ International Amateur Athletic Foundation៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ Thaiger