ព្រឺសម្បុរ! បទ «ពង្សាវតារខ្មែរ» បន្លឺឡើង អមដោយក្បួនដង្ហែទង់ជាតិ និង ការធ្វើភាសាសញ្ញាបទ «នគររាជ» ពីកុមារៗ ៤០ រូប
មហាជនខ្មែរទាំងមូលកំពុងតែរំភើបចិត្ត នៃការទស្សនាផ្ទាល់ ឬ តាមកញ្ចក់ទូរទស្សន៍នៃពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៣ នេះ។
កម្មវិធីបានចាប់ផ្ដើម ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាភ្ញៀវកិត្តិយសទាំងជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករ នាំគ្នាស្រែកបន្លឺសំឡេងរាប់ថយក្រោយ ១២ វិនាទី ដើម្បីឈានដល់ការប្រកាសបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២។
ជាមួយគ្នានោះ ទិដ្ឋភាពបន្ទាប់ពីការរាប់ថយក្រោយនេះ គឺពិតជាអស្ចារ្យ និង ព្រឺសម្បុរខ្លាំងបំផុត នៅពេលដែលភ្លេងបទ «ពង្សាវតារខ្មែរ» បានបន្លឺឡើង អមដោយក្បួនដង្ហែយ៉ាងពីកិត្តិយសក្រៅទ័ព។ លើសពីនោះ មានការគោរពភ្លេងជាតិ ដោយមានការចូលរួមពីកុមារចំនួន ៤០ នាក់ មកពីវិទ្យាស្ថានអប់រំពិសេសធ្វើជាភាសាសញ្ញាច្រៀងបទ «នគររាជ» ទៀតផង៕