អត់បានទៅផ្ទាល់ អាចទៅ ៣ ទីតាំងនេះនៅភ្នំពេញ មានការផ្សាយបន្តផ្ទាល់ពិធីបើក និង បិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២
នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងស្ដីពីការផ្សាយបន្តផ្ទាល់ពិធីបើក និង បិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣។
រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជន និង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៣ និង ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនឹងមានការរៀបចំពិធីបើក និង ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្នុងឱកាសដ៏មហាវិសេសវិសាលនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ពិធីនេះចាប់ពីម៉ោង ១៨:០០ នាទីយប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួនដូចជា ៖
១. សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២. សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៣. ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏សង្ឃឹមយ៉ាងជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងចូលរួមគាំទ្រទស្សនាការផ្សាយបន្តផ្ទាល់នេះឱ្យបានច្រើនកុះករ និង អធិកអធម៕