តម្លៃសំបុត្រចូលមើលការប្រកួតបាល់ទាត់ ឥណ្ឌូនេស៊ី ប៉ះ អាហ្សង់ទីន ទាបបំផុត ៤០ ដុល្លារ
ជារឿងដ៏គួរឱ្យរំភើប និង ភ្ញាក់ផ្អើល សម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ដោយម្ចាស់ពាន World Cup ឆ្នាំ ២០២២ អាហ្សង់ទីន នឹងធ្វើដំណើរកម្សាន្តមកតំបន់អាស៊ីធ្វើការប្រកួតមិត្តភាព ហើយនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអូស្ត្រាលី នៅប៉ីជីង ប្រទេសចិន នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ និង ប្រកួតជាមួយក្រុមជម្រើសជាតិប្រទេសឥណ្ឌូនេស៊ី នៅទីក្រុង ចាកាតា នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមការឱ្យដឹងពីសារព័ត៌មានបរទេស South China Morning Post ចុះផ្សាយនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ។
ទន្ទឹមគ្នានេះផងដែរ បើតាមការចុះផ្សាយរបស់ CNN Indonesia នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ បានបញ្ជាក់ពីតម្លៃសំបុត្រនៃការចូលទស្សនាការប្រកួតក្រុមជម្រើសជាតិអាហ្សង់ទីន ទល់នឹងឥណ្ឌូនេស៊ី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ដូចតទៅ ៖
-ប្រភេទទី ៣ ៖ ៤០ ដុល្លារ
-ប្រភេទទី ២ ៖ ៨០ ដុល្លារ
-ប្រភេទទី ១ ៖ ១៦៧ ដុល្លារ
-ប្រភេទ VIP ៖ ២៨៤ ដុល្លារ
គួរឱ្យដឹងផងដែរថា ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នឹងត្រូវបើកទ្វារកីឡដ្ឋាន នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ទទួលស្វាគមន៍ម្ចាស់ពាន World Cup អាហ្សង់ទីន ខណៈឥណ្ឌូនេស៊ី ទើបតែឈ្នះបានមេដាយមាសស៊ីហ្គេម ២០២៣ ក្រោយយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិថៃ កាលពីពេឡថ្មីៗកន្លងទៅ៕
ប្រភព ៖ CNN Indonesia