
តាមរយៈផេកកីឡាករ Dave Leduc នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ បានបង្ហោះឱ្យដឹងថា លោក និង កីឡាកររបស់កម្ពុជា គឺ ព្រំ សំណាង បានទទួលយកការប្រកួតក្រោយត្រូវបានគេស្នើឱ្យជួបជាមួយនឹង ព្រំ សំណាង នៅការប្រកួតលើកក្រោយរបស់លោក។
កីឡាករប្រភេទកីឡា Lethwei ជនជាតិមីយ៉ាន់ម៉ារូបនេះ បានបញ្ជាក់ពីទឹកចិត្តក្នុងការចូលរួមបែបនេះថា ៖ «ខ្ញុំបានទទួលយកការប្រកួតនេះ ដោយសារតែ លោក ព្រំ សំណាង ជាជើងឯក គុនខ្មែរច្រើនឆ្នាំមកហើយ គាត់មានប្រវត្តិប្រកួតជាង 150 ដង ដោយវាយឈ្នះឱ្យសន្លប់ច្រើនដង ហើយថ្មីៗនេះគាត់ក៏ទទួលបានជោគជ័យនៅ bareknuckle Muaythai នៅប្រទេសថៃ ដោយប្រើស្នៀតជង្គង់ហោះយ៉ាងល្អ។ សហព័ន្ធ Lethwei អន្តរជាតិ បានចាត់ទុករូបគាត់ថាជាកីឡាករដណ្តើមដំណែងជើងឯក Lethwei អន្តរជាតិដ៏សក្ដិសមមួយរូប សម្រាប់ខែឧសភា ឆ្នាំ 2023»។
Leduc បានបន្តឱ្យដឹងថា ៖ «ខ្ញុំគិតថា ការប្រដាល់នេះអាចផ្តល់ប្រយោជន៍ដល់ភាពជាបងប្អូនរវាងមីយ៉ាន់ម៉ា និងកម្ពុជា ដែលតែងតែគោរពគ្នាទៅវិញទៅមក។ យើងអាចផ្សព្វផ្សាយក្បាច់គុនទាំងពីរដល់ពិភពលោក។ អ្នករៀបចំកម្មវិធី កំពុងរៀបចំកីឡាប្រដាល់ Lethwei មីយ៉ាន់ម៉ា ទៅប្រកួតនៅខែឧសភា នៅអឺរ៉ុបសម្រាប់ការប្រកួតជើងឯក Lethwei អន្តរជាតិ។ ដើម្បីឱ្យមានភាពយុត្តិធម៌ បន្ទាប់មកខ្ញុំនឹងមកកាន់ប្រទេសកម្ពុជា ហើយប្រកួតក្រោមកីឡាប្រដាល់គុនខ្មែរ (Kun Khmer) ដែលនឹងក្លាយជាព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ខ្ញុំចង់ឱ្យប្រទេសទាំងមូល គ្រប់ភូមិ គ្រប់ក្រុងចូលរួមអបអរចំពោះរូបខ្ញុំ និងលោក ព្រំ សំណាង»៕