ប្រវត្តិសាស្ត្រថ្មី! កូនខ្មែរ ស្រួង ភាវី ទទួលពានរង្វាន់ PBA កីឡាករឆ្នើមឆ្នាំ ២០២៣ ដល់ទៅ ៤ ពានម្នាក់ឯងនៅបរទេស
ជារឿងដ៏គួរឱ្យរំភើបចិត្ត និង មានមោទកភាពបំផុត នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ កីឡាករ ស្រួង ភាវី បានបញ្ជាក់ពីប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងឆាកជីវិតខ្លួន ដោយបានទទួលពានរង្វាន់ PBA សម្រាប់កីឡាករឆ្នើម ឆ្នាំ ២០២៣ ចំនួន ៤ ពានម្នាក់ឯង ក្នុងចំណោមកីឡាករឆ្នើមទាំងអស់ ដែលទទួលបានត្រឹមម្នាក់ ១ ។
ទន្ទឹមទៅនឹងភាពជោគជ័យដ៏គួរឱ្យស្ញប់ស្ញែងនេះ កីឡាការនីរូបនេះបានថ្លែងពីអារម្មណ៍របស់ខ្លួនបែបនេះថា ៖ «ខ្ញុំរំភើបពេកស្ទើរតែរកពាក្យអ្វីនិយាយមិនចេញ តែអ្វីដែលខ្ញុំនឹកឃើញមុនគេ នេះគឺជាកិត្តិយសសម្រាប់ប្រជាជាតិរបស់ខ្ញុំ ព្រោះ ស្រួង ភាវី ម្នាក់នេះមកពីប្រទេសកម្ពុជា គឺជាមាតុភូមិដ៏ល្អផូរផង់របស់ខ្ញុំ»។
ស្រួង ភាវី បានបន្តបែបនេះទៀតថា ៖ «តទៅទៀត កូនស្រីកម្ពុជាម្នាក់នេះនឹងខិតខំប្រឹងប្រែងធ្វើអ្វីៗឱ្យអស្ចារ្យ និង នាំយកនូវកិត្តិយសដ៏បវរសម្រាប់ជាតិមាតុភូមិ ពុកម៉ែបងប្អូនយើងដែលតែងតែគាំទ្រ និង លើកទឹកចិត្តដល់រូបនាងខ្ញុំកន្លងមក។ សូមគោរពជូនពរជនរួមជាតិទាំងអស់គ្នា សូមអរគុណ»។
សូមរំឭកផងដែរថា កីឡាការិនី ស្រួង ភាវី មានទឹកដីកំណើតជាអ្នកខេត្តត្បូងឃ្មុំ បានទៅរស់នៅប្រទេសកូរ៉េជាមួយនឹងស្វាមីសញ្ជាតិកូរ៉េ មានសមត្ថភាពខ្ពស់ផ្នែកកីឡាស្នូកឃ័រ តែងឈ្នះមេដាយមាសស្ទើរតែគ្រប់ការប្រកួត៕