ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភ ៥ លានរៀលជូន ព្រំ សំណាង លើកទឹកចិត្តដែលផ្ដួលគូប្រកួតដោយជង្គង់ ត្រឹមទឹកទី ១
កាលពីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ កីឡាករគុនខ្មែរ ព្រំ សំណាង ដែលទើបឈ្នះខ្សែក្រវាត់ពីប្រទេសថៃថ្មីៗ បន្ទាប់ពីបានប្រើជង្គង់របស់ខ្លួនផ្ដួលកីឡាករជនជាតិរុស្ស៊ី ឈ្មោះ Firdavszhon Naiimov ឱ្យសន្លប់ត្រឹមទឹកទី ១ នៅក្នុងសង្វៀន Thai Fight នាឯប្រទេសថៃ។
ក្រោយយកជ័យជំនះជូនជាតិមាតុភូមិ និង អ្នកគាំទ្រ តាមរយៈឧកញ៉ា ស្រី ចាន់ថន បានបង្ហោះអបអរសាទរដល់ជ័យជំនះកីឡាករគុនខ្មែរ ព្រំ សំណាង ដោយបញ្ជាក់ថា ជ័យជំនះមួយនេះមិនមែនជាជ័យជំនះរបស់ ព្រំ សំណាង តែម្នាក់នោះទេ ប៉ុន្តែវាជាជ័យជំនះរបស់ប្រទេសកម្ពុជាទាំងមូលផងដែរ។ លោកក៏បានប្រកាសឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥ លានរៀល ជូនកីឡាករ ព្រំ សំណាង ផងដែរ ដែលអាចទទួលរង្វាន់លើកទឹកចិត្ត នៅការិយាល័យរៀងរាល់ម៉ោងធ្វើការ។
គួរឱ្យដឹងផងដែរថា ក្នុងខែកុម្ភៈតែមួយ កីឡាករគុនខ្មែរ ព្រំ សំណាង បានផ្ដួលកីឡាករបរទេសឱ្យសន្លប់ ២ នាក់ ត្រឹមទឹកទី ១ នៅលើសង្វៀន Thai Fight ដោយកាលពីយប់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ផ្ដួលកីឡាករអង់គ្លេស Thomas Carpenter ទទួលបានខ្សែក្រវាត់ និង នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ផ្ដួលកីឡាករជនជាតិរុស្ស៊ី ឈ្មោះ Firdavszhon Naiimov ឱ្យសន្លប់ត្រឹមទឹកទី ១ ជាជ័យជំនះដ៏គគ្រឹកគគ្រេងសម្រាប់អ្នកគាំទ្រនៅកម្ពុជា៕