មានអ្វីជូនពរទេ? ៣ ថ្ងៃទៀត ព្រំ សំណាង ឡើងប្រកួតសង្វៀន Thai Fight នៅប្រទេសថៃហើយ
តាមរយៈផេក Thai Fight នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ បានបង្ហាញពីគូប្រកួតចំនួន ០៧ គូ ដែលនឹងត្រូវប៉ះគ្នាលើសង្វៀន Thai Fight ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ។
តាមរយៈការបង្ហាញសមាសភាពកីឡាករទាំង ៧ គូ ក៏មានគូកីឡាករកម្ពុជាមួយរូបផងដែរ នោះគឺកីឡាករគុនខ្មែរ ព្រំ សំណាង ដែលទើបឈ្នះខ្សែក្រវ៉ាត់ពីប្រទេសថៃថ្មីៗ ខណៈនៅថ្ងៃទី ២៦ ខាងមុខនេះ កីឡាករគុនខ្មែររូបនេះ នឹងត្រូវប៉ះជាមួយកីឡាករជនជាតិរុស្សី ឈ្មោះ Firdavszhon Naiimov អាយុ ២១ ឆ្នាំ កម្ពស់ ១៧៩ cm ប្រកួតក្នុងប្រភេទទំងន់ ៧៨ គីឡូក្រាម។
សូមរំឭកផងដែរថា កាលពីយប់ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ នៅសង្វៀន Thai Fight កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានផ្ដួលគូប្រកួតកីឡាករអង់គ្លេស Thomas Carpenter ឱ្យសន្លប់ត្រឹមទឹកទី ១ តាមរយៈការប្រើជង្គង់ដ៏មុតស្រួច រហូតទទួលបានខ្សែក្រវ៉ាត់ ជាជ័យជំនះដ៏គគ្រឹកគគ្រេងសម្រាប់អ្នកគាំទ្រនៅកម្ពុជា៕