Team Two និង CAMAPGOC ចាប់ដៃគ្នា បង្កើតប្រវត្តិសាស្រ្តឱ្យកម្ពុជា ដាក់បញ្ចូល E-Sports ក្នុងអាស៊ានប៉ារ៉ាហ្គេម ២០២៣
នៅសល់តែ ៨៨ ថ្ងៃទៀតតែប៉ុណ្ណោះ ព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធើ្វជាម្ចាស់ផ្ទះនោះនឹងឈានចូលមកដល់ ពោលគឺរំលងជិត ១ ខែប៉ុណ្ណោះ ក្រោយការប្រកួតស៊ីហ្គេមបានបញ្ចប់។
នេះគឺជាលើកដំបូងដែលកម្ពុជាមានសិទ្ធិក្នុងការរៀបចំការប្រកួតកីឡាជនពិការធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈវិញ្ញាសារដែលមានសក្តានុពលមួយចំនួនដូចជា ហែលទឹក បាល់ទះអង្គុយ បាល់បោះ និង កីឡាជាច្រើនទៀតនឹងត្រូវបានដាក់បញ្ចូល។
អ្វីដែលពិសេស និង បង្កើតបានជាប្រវត្ដិសាស្រ្ដក្នុងព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ គឺវិញ្ញាសារ កីឡាអេឡិចត្រូនិក ឬ E Sports នឹងត្រូវដាក់បញ្ចូលផងក្នុងការប្រកួតនេះ ជាលើកដំបូងបំផុត។
ទោះបីជាការដាក់បញ្ចូលដំបូងនេះជាការប្រកួតបែបសាកល្បង (Demo Sports) ដោយមិនមានការរាប់បញ្ចូលជ័យលាភីមេដាយក្ដី ប៉ុន្តែនេះពិតជាសមិទ្ធផលដ៏ធំមួយសម្រាប់ប្រទេសកម្ពុជាដែលបានក្លាយទៅជាប្រទេសដំបូង ជាអ្នករៀបចំក្នុងការដាក់បញ្ចូលកីឡា E-Sports នេះ ចូលទៅក្នុងវិញ្ញាសាប្រកួតកីឡាជនពិការធំជាងគេ ក្នុងអាស៊ាន។ នេះគឺជាកេរដំណែលមួយដែលប្រទេសកម្ពុជាបានធ្វើឡើងសម្រាប់បន្តទៅប្រទេសផ្សេងៗទៀត ហើយសមិទ្ធផលនេះ នឹងត្រូវបានគេរំឭកឡើងគ្រប់ពេលដែលគេនិយាយពីវិញ្ញាសារកីឡាអេឡិចត្រូនិក (E-Sports) ក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម។
ធីមធូ (Team Two) ដែលជាក្រុមហ៊ុនផ្សព្វផ្សាយទីផ្សារតាមរយៈប្រព័ន្ធឌីជីថលធំមួយក្នុងប្រទេសកម្ពុជា ដែលរួមមានក្រុមការងារជំនាញផ្នែកកីឡាអេឡិចត្រូនិក Next Level Entertainment នឹងក្លាយជាដៃគូរដ៏សំខាន់ជាមួយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ទៅលើវិញ្ញាសារ E-Sports នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។
កីឡាអេឡិចត្រូនិក គឺជាទម្រង់នៃការប្រកួតប្រជែងដោយប្រើប្រាស់វីដេអូហ្គេម និង ត្រូវបានគេចាត់បញ្ចូលជាប្រភេទវិញ្ញាសាកីឡាម្យ៉ាងដែលមានបរិបទប្រកួតប្រជែងស្រដៀងនឹងកីឡាទូទៅដែរ។ E-Sports អាចជាប្រធានបទថ្មីក្នុងប្រទេសកម្ពុជា ប៉ុន្តែវាមិនមែនជារឿងថ្មីឡើយសម្រាប់អន្តរជាតិ ដោយមានប្រទេសជាច្រើន មានការរីកចម្រើន និង គាំទ្រខ្លាំងក្នុងវិស័យមួយនេះគួរឲ្យកត់សម្គាល់ ដូចជាប្រទេសចិន អាមេរិក រុស្សី ម៉ាឡេស៊ី និង បណ្តាប្រទេសជាច្រើននៅទ្វីបអឺរ៉ុប។
នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យ E-Sports ក្នុងប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ហេតុនេះហើយទើបធើ្វឲ្យកម្ពុជាសម្រេចដាក់បញ្ចូលវិញ្ញាសារ E-Sports ចូលទៅក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម ហើយវាក៏ជាលើកទី ១ ផងដែរ ដែលព្រឹត្ដិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍នេះមានវិញ្ញាសារដ៏គួរឲ្យចាប់អារម្មណ៍ដែលមនុស្សជាច្រើនធ្លាប់តែឃើញកីឡាមួយនេះ ក្នុងកម្មវិធីស៊ីហ្គេម និង ព្រឹត្ដិការណ៍កីឡាផ្សេងៗតែប៉ុណ្ណោះ។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) និង ក្រុមហ៊ុនធីមធូរ (Team Two) បានធើ្វឡើងនៅព្រឹកថៃ្ងទី ២១ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានធ្វើឡើងដោយមានការចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC និង អ្នកស្រី ហាក់ សំបូរ នាយកប្រតិបត្តិនៃក្រុមហ៊ុនធីមធូ។
ធីមធូរ ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ នៅរាជធានីភ្នំពេញ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រើសរើសកីឡាករល្អៗ និង គ្រូបង្វឹកឆ្នើមៗ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងយកជ័យជំនះ។ ត្បិតក្រុមហ៊ុនមួយនេះក៏ធ្លាប់ជាដៃគូជាមួយក្រុមហ៊ុនធំៗក្នុងស្រុកមួយចំនួន ក្នុងការរៀបចំការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ ជាច្រើនដងផងដែរ សម្រាប់កីឡាអេឡិចត្រូនិកនេះ។ ដូច្នេះការសហការគ្នារវាងគណៈកម្មាធិការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជា (CAMAPGOC) និង ក្រុមហ៊ុន ធីមធូ នឹងក្លាយជារឿងដ៏ល្អ ក្នុងការពង្រីកវិសាលភាពនៃកីឡាអេឡិចត្រូនិកនេះក្នុងប្រទេសកម្ពុជា។
អំពី Team Two Co., Ltd
ធីមធូរ Team Two Co., Ltd. គឺជាក្រុមហ៊ុនផ្សព្វផ្សាយទីផ្សារតាមរយៈប្រព័ន្ធឌីជីថល ដែលបានបង្កើតចាប់តាំងពីឆ្នាំ ២០១៥ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ WML+ គ្រុប។ WML+ គ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនដែលកំពុងដំនើរអាជីវកម្មលើវិស័យជាច្រើនរួមមាន វិស័យកម្សាន្ត លើការនាំចូល និង ចែកចាយភាពយន្តអន្តរជាតិនៅក្នុងស្រុក (Westec Media Limited) និង នាំចូល និង ចែកចាយមាតិកាអន្តរជាតិនៅក្នុងស្រុក (Jaikon Entertainment) វិស័យផ្សព្វផ្សាយទីផ្សារតាមរយៈប្រព័ន្ធឌីជីថល (Team Two) ផែ្នកផលិតវីដេអូផ្សព្វផ្សាយ (No Name Production) និង ផ្នែកបណ្តុះបណ្តាលទេពកោសល្យ (Starlight Media)៕