
ទម្លាយប្រាក់ខែគិតជាម៉ោងរបស់ Ronaldo ក្នុងមួយម៉ោងគឺខ្ទង់ម៉ឺនដុល្លារ អ្នកល្មមៗរក ១ ឆ្នាំទម្រាំបាន
Cristiano Ronaldo ដែលមានឈ្មោះពិតថា Cristiano Ronaldo dos Santos Aveiro បច្ចុប្បន្នលេងនៅក្លឹប Al-Nassr របស់ Saudi Pro League នៃប្រទេសអារ៉ាប់ ដែលមានកិច្ចសន្យាដល់ឆ្នាំ ២០២៥។ រូបគេក៏ជាកីឡាករម្នាក់បានឈ្នះពានរង្វាន់លីគកំពូលចំនួន ៧ ក្នុងអាជីពខ្លួន នៅឯ ៣ ប្រទេសផ្សេងគ្នា។
បន្ថែមពីនេះ លោកក៏បានដណ្តើមមេដាយជាអ្នកឈ្នះពានរង្វាន់ Champions League ចំនួន ៥ លើក ដែលមិនគួរឱ្យជឿ និង ជាខ្សែប្រយុទ្ធលេងបាល់ទាត់អន្តរជាតិឱ្យប្រទេសព័រទុយហ្គាល់ ដោយបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ ២០០៣ និង បានជួយក្រុមឱ្យលើកពាន Euro ២០១៦ ។
លើសពីនេះលោកក៏ជាកីឡាករ ដែលបានស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិផងដែរ ដោយបំបែកកំណត់ត្រារបស់ Ali Daei កាលពីខែកញ្ញា ឆ្នាំ ២០២១ ប៉ុន្តែតើអ្នកដឹងទេថាកីឡាកររូបនេះអាចរកលុយបានប៉ុន្មាន ក្នុងរយៈពេលមួយម៉ោង?
យោងតាមគេហទំព័រ Football Transfers បានចុះផ្សាយថា Ronaldo មានទ្រព្យសម្បត្តិសរុបចំនួន ៥០០ លានដុល្លារ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត កីឡាកររូបនេះ មានលុយអឺរ៉ូប្រហែល ៤៣៣ លានអឺរ៉ូ និង លុយផោនប្រមាណ ៣៦៧ លានផោន។
ចំពោះការផ្លាស់ប្តូររបស់លោកទៅកាន់ក្លឹប Al-Nassr កីឡាកររូបនេះទទួលបានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ គឺបានចំនួន ២១៤ លានដុល្លារក្នុងមួយឆ្នាំ បើគិតជាខែបានប្រមាណជាង ១៦ លានដុល្លារ ហើយបើគិតជាម៉ោងវិញ គឺបានប្រមាណ ២ ម៉ឺនដុល្លារ ក្នុង ១ ម៉ោង។
យ៉ាងណាមិញ នេះគ្រាន់តែជាប្រាក់ខែដែលលោកទទួលបានពីអាជីបបាល់ទាត់ប៉ុណ្ណោះ ឯចំណូលផ្សេងទៀតគឺបានមកពីការផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនម៉ាកល្បីធំៗ ដែលបានជួយលោកឱ្យរកប្រាក់ចំណូលបន្ថែមបានប្រមាណ ៤៧ លានដុល្លារ។ ដោយឡែក កាលពីឆ្នាំ ២០២០ កីឡាកររូបនេះក៏បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ដែលបានរកប្រាក់ចំណូលចំនួន ១ ពាន់លានដុល្លារ៕
ប្រភព៖ Football Transfers