កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញវីដេអូអំពីការណែនាំ និង សារផ្ដាំផ្ញើចុងក្រោយរបស់លោក Keisuke Honda ទៅកាន់ក្រុមកីឡាករជម្រើសជាតិកម្ពុជាឈុតធំ ក្រោយចប់ភារកិច្ចក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022។
តាមរយៈវីដេអូនៃសារផ្ដាំផ្ញើជាង ៩ នាទីនោះ លោក Keisuke Honda បានលើកទឹកចិត្តឱ្យក្រុមកីឡាកឈុតធំកម្ពុជា ចែករំលែកបទពិសោធ ចំណេះដឹង ទៅកាន់យុវជន និង កីឡាករជំនាន់ក្រោយរបស់ខ្លួន។ ក្នុងនោះលោកបានបញ្ជាក់ជាចុងក្រោយយ៉ាងច្បាស់ៗថា លោកចង់ឃើញកម្ពុជាអាចលេង World Cup បាន មុនពេលដែលលោកស្លាប់។
យ៉ាងណាមិញ ក្រោយរួចរាល់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាឈុតធំ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ នោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកចាត់ការទូទៅលោក Keisuke Honda សម្រាប់ការចូលរួមចំណែក ចំណាយពេលវេលាផ្ទាល់ខ្លួន និង ខិតខំប្រឹងប្រែងជាមួយក្រុមជម្រើសជាតិកម្ពុជាឈុតធំ នាពេលកន្លងមក ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ ២០១៨ ដល់ខែមករា ឆ្នាំ ២០២៣ នេះ ដោយការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិថៃ គឺជាការប្រកួតចុងក្រោយរបស់លោក ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាឈុតធំ។
ដោយឡែក លោក Keisuke Honda នឹងបន្តភារកិច្ចរបស់ខ្លួនក្នុងបេសកកម្មចុងក្រោយ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ ដែលគ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅក្នុងខែកុម្ភៈ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SEA Games នៅខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖