ស-ពស្តេចបាល់ទាត់ Pele នឹងតម្កល់នៅពហុកីឡដ្ឋានឱ្យមហាជនជួបជាលើកចុងក្រោយ មុនយកទៅបញ្ចុះនៅស្រុកកំណើត
កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ (ពេលវេលាក្នុងតំបន់) ស្ដេចបាល់ទាត់ Pele បានទទួលមរណភាពហើយក្នុងវ័យ ៨២ ឆ្នាំ។ ស្របគ្នានេះ សពរបស់ស្ដេចបាល់ទាត់ប្រេស៊ីល Pele នឹងត្រូវដង្ហែចេញពីមន្ទីរពេទ្យ Albert Einstein ឆ្ពោះទៅកាន់ពហុកីឡដ្ឋាន Estádio Urbano Caldeira នៅព្រឹកព្រលឹមថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ មុននឹងត្រូវបញ្ចុះនៅឯស្រុកកំណើតរបស់លោកនាក្រុង Santos។
តាមការឱ្យដឹងនោះ មឈូសដាក់សពស្ដេចបាល់ទាត់ប្រេស៊ីល Pele នឹងត្រូវតម្កល់នៅកណ្ដាលតារាងបាល់ ដើម្បីអាចឱ្យសាធារណជនក្នុងប្រទេសមកជួប ហើយធ្វើការលាគ្នាជាមួយលោកជាលើកចុងក្រោយផងដែរ។
សាធារណជន ដែលចង់មកចូលរួមធ្វើការលាគ្នាជាលើកចុងក្រោយជាមួយស្ដេចបាល់ទាត់ Pele នឹងត្រូវដើរចូលតាមច្រកចំនួន ២ ខណៈអាជ្ញាធរ រដ្ឋមន្ត្រី ចូលតាមច្រកផ្សេងមួយទៀត។ តាមការបញ្ជាក់ពីសារព័ត៌មាន Daily Mail បានឱ្យដឹងទៀតថា ពិធីលាគ្នាជាចុងក្រោយនេះ នឹងបើកឱ្យមហាជនចូលរួមចាប់ពីម៉ោង ១០ ព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ រហូតដល់ម៉ោង ១០ ព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣។ ចប់ម៉ោងកំណត់ ក្បួនដង្ហែសពស្ដេចបាល់ទាត់ Pele នឹងត្រូវធ្វើឡើងតាមដងផ្លូវនៃទីក្រុង Santos ប្រទេសប្រេស៊ីល មុនទៅដល់កន្លែងបញ្ចុះសពរបស់លោក។
គួររំឭកផងដែរថា ស្ដេចបាល់ទាត់ប្រេស៊ីល Pele បានទទួលមរណភាពក្នុងវ័យ ៨២ ឆ្នាំ ក្រោយតស៊ូជាមួយជំងឺមហារីកពោះវៀនអស់រយៈពេលរាប់ឆ្នាំមកនេះ។ មរណភាពរបស់លោក បានធ្វើឱ្យពិភពលោក សម្ដែងទុក្ខក្រៀមក្រំ ចំពោះការបាត់បង់បុគ្គលដ៏ឆ្នើមរូបនេះ៕