ក្រុមអាហ្សង់ទីន ត្រូវជម្លៀសតាមឧទ្ធម្ភាគចក្រ ខណៈមនុស្សមកអបអរកកកុញប្រមាណ ៤ លាននាក់
ក្រុមជម្រើសជាតិ អាហ្សង់ទីន ត្រូវចាកចេញពីឡានក្រុង តាមឧទ្ធម្ភាគចក្រទាំងកណ្ដាលទី ខណៈពលរដ្ឋរាប់លាននាក់ បានសម្រុកមកកកកុញពាសពេញដងផ្លូវ ដើម្បីសម្ដែងការអបអរចំពោះជ័យជម្នះរបស់ក្រុមជម្រើសជាតិខ្លួន។
កាលពីរសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ (ពេលវេលាក្នុងតំបន់) ក្បួនរថយន្តក្រុងដែលដឹកក្រុមជម្រើសជាតិ អាហ្សង់ទីន បានដង្ហែតាមដងផ្លូវនៃក្រុង Burnos Aires ដែលមានការចូលរួមអបអរសាទរ ពីសំណាក់ពលរដ្ឋក្នុងប្រទេសរាប់លាននាក់។ តាមសារព័ត៌មានបានទម្លាយឱ្យដឹងថា ក្នុងថ្ងៃអបអរនោះដែរ គេប្រមាណថា មានមនុស្សប្រហែលជា ៤ លាននាក់ឯណោះ បានចូលរួម រហូតធ្វើឱ្យក្បួនរថយន្តជាប់គាំងនៅតាមផ្លូវមិនអាចបន្តទៅមុខបាន។
ដោយសារតែបារម្ភពីសុវត្ថិភាពរបស់ក្រុមកីឡាករ គម្រោងដង្ហែក្បួនក្រុមជម្រើសជាតិអាហ្សង់ទីនរយៈពេល ៨ ម៉ោង ត្រូវបានកាត់ចោល ដោយក្រុមកីឡាករទាំងអស់ ត្រូវបានជម្លៀសចេញពីលើឡានតាមរយៈឧទ្ធម្ភាគចក្រវិញ៕