រំភើបចិត្ត! ភរិយា Messi មកអបអរភាពជោគជ័យរបស់ប្តី ជុំកូនៗនៅទីលានយ៉ាងកក់ក្តៅ
កំពូលកីឡាករបាល់ទាត់ Lionel Messi បានធ្វើការអបអរយ៉ាងរីករាយបំផុតជាមួយក្រុមគ្រួសាររបស់លោក ក្រោយក្រុមជម្រើសជាតិ អាហ្សង់ទីន ទម្លាក់ បារាំង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup 2022 នៅប្រទេស កាតា។
តាមរយៈកម្រងរូបភាពមួយចំនួនដែលបានបង្ហោះចែកចាយពាសពេញបណ្ដាញសង្គមនានា បានបង្ហាញឱ្យឃើញថា កូនប្រុសទាំង ៣ របស់ Messi រួមមាន Thiago. Mateo, និង Ciro និង ភរិយាសំណព្វចិត្តរបស់លោក Antonella Roccuzzo គឺបាននាំគ្នាមកឱប និង ថត រូបជុំគ្រួសារ បង្ហាញក្ដីស្រឡាញ់ និង ការគាំទ្រពេញទំហឹង ចំពោះ ឪពុក និង ស្វាមីដ៏អស្ចារ្យរូបនេះ។
ជាការពិតណាស់ ប្រិយមិត្តអ្នកនិយមតាមដានវិស័យកីឡាបាល់ទាត់ ប្រាកដជាបានដឹងរួចមកហើយថា ពីក្រោយភាពជោគជ័យរបស់ Lionel Messi គឺតែងតែមានប្រពន្ធ និង កូនៗរបស់លោក ជាកម្លាំងចិត្ត និង តាមផ្ដល់កម្លាំងចិត្តដល់លោកគ្រប់ការប្រកួតទាំងអស់។ ជាក់ស្ដែង ភាពជោគជ័យដ៏ធំនាពេលយប់មិញនេះ មិនត្រឹមតែក្រុមគ្រួសាររបស់លោករំភើបខ្លាំងប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្ររបស់លោកស្ទើរពាសពេញពិភពលោក ក៏សឹងតែស្រក់ទឹកភ្នែករីករាយជំនួសលោកផងដែរ។
គួររំឭកថា កាលពីយប់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ក្រុមជម្រើសជាតិអាហ្សង់ទីន បានប៉ះគ្នាជាមួយក្រុមជម្រើសជាតិបារាំង ក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2022 ក្នុងលទ្ធផល ៣ ទល់នឹង ៣ មុនពេលក្រុមជម្រើសជាតិ អាហ្សង់ទីន យកឈ្នះ ក្រុមជម្រើសជាតិបារាំង ក្នុងលទ្ធផល ៤-២ នៅបាល់កាត់សេចក្ដីប៉េណាល់ទី៕