ផ្ទុះការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ ក្រោយជម្រើសជាតិបារាំង ទម្លាក់ ម៉ារ៉ុក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
សារព័ត៌មាន Sputnik បានចុះផ្សាយនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ នេះថា ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកលើអ្នកគាំទ្របាល់ទាត់ ព្រោះតែការប៉ះទង្គិចគ្នាក្នុងប្រទេសបែលហ្ស៊ិក និង ប្រទេសបារាំង ហើយប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ដែរថា ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងរវាងក្រុមអ្នកគាំទ្របារាំង និង ក្រុមអ្នកគាំទ្រម៉ារ៉ុក ព្រោះតែលទ្ធផលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup ២០២២ នៅប្រទេសកាតា។
តាមការចេញផ្សាយរបស់កាសែត LeSoir របស់បែលហ្ស៊ិក ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និង បាញ់ទឹកលើក្រុមអ្នកគាំទ្របាល់ទាត់ ក្រោយពួកគេនាំគ្នាគប់ផាវ និង បាញ់កាំជ្រួចមកលើក្រុមមន្ត្រីប៉ូលិស ដោយក្នុងនោះប៉ូលិសក៏បានឃាត់ខ្លួនអ្នកគាំទ្រទាំងនោះផងដែរ។ ដោយឡែកបើតាមកាសែតបារាំង Le Figaro ក៏បានរាយការណ៍ដែរថា ការប៉ះទង្គិចគ្នាមួយ ក៏បានផ្ទុះឡើងរវាងអ្នកគាំទ្របារាំង និង អ្នកគាំទ្រម៉ារ៉ុកផងដែរ នាទីក្រុង Nice នៃប្រទេសបារាំង បន្ទាប់ពីមានបុរសម្នាក់ស្រែកថា «អារ៉ាប់ចេញហើយ» និង «យើងនៅផ្ទះបន្ត» ទៅកាន់អ្នកគាំទ្រម៉ារ៉ុក ធ្វើឱ្យភាគីទាំងពីរផ្ទុះហិង្សា រហូតចាប់ផ្ដើមគប់ផាវដាក់គ្នាទៅវិញទៅមក។
ជាមួយគ្នានោះដែរ នៅឯ Champs-Elysees ក្នុងរដ្ឋធានីប៉ារីសវិញ ទោះបីជាមានអង្គភាពប៉ូលិសជាច្រើនបានមកដល់កន្លែងនោះមុនការប្រកួតពីរទៅបីម៉ោងក្ដី ប៉ុន្តែនៅពាក់កណ្ដាលអធ្រាត្រ អ្នកគាំទ្រក៏នៅតែផ្ទុះហិង្សាដោយការគប់ដប និង ផាវមកលើប៉ូលិស ដែលជាហេតុធ្វើឱ្យមន្ត្រីប៉ូលិសត្រូវប្រើប្រាស់កម្លាំងតប ដោយប្រើគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងមនុស្សនៅតាមផ្លូវមួយចំនួនដែលនៅជាប់នឹង Champs-Elysees ខណៈមនុស្សចំនួន ៤០ នាក់ដែលមានប្រដាប់អាវុធត្រូវបានប៉ូលីសចាប់ខ្លួនពីបទប្រើប្រាស់អាវុធខុសច្បាប់។
គួររំឭកផងដែរថា កាលពីយប់រំលងអធ្រាតថ្ងៃទី ១៤ ឈានចូលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានយកឈ្នះក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងលទ្ធផល ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅប្រទេសកាតា ដែលក្រុមដែលឈ្នះនឹងត្រូវប៉ះជាមួយក្រុម អាហ្សង់ទីន ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ៕
ប្រភព៖ Sputnik