Hazard ប្រកាសចេញពីជម្រើសជាតិ ក្រោយបែលហ្ស៊ិកធ្លាក់វគ្គចែកពូលនៅ World Cup ២០២២
កីឡាករ Eden Hazard បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិនៅអាយុ ៣១ ឆ្នាំ។ Hazard បានសរសេរនៅលើគណនី Instagram របស់លោកថា ៖«ទំព័រថ្មីមួយត្រូវបានបើកនៅថ្ងៃនេះ… អរគុណសម្រាប់ការស្រលាញ់របស់អ្នកទាំងអស់គ្នា។ អរគុណចំពោះក្ដីសុខដែលបានចែករំលែកជាមួយគ្នាចាប់តាំងពីឆ្នាំ ២០០៨ មក។ ខ្ញុំសម្រេចចិត្តបញ្ចប់អាជីពជាអន្តរជាតិរបស់ខ្ញុំហើយ។ អ្នកជំនាន់ក្រោយបានត្រៀមរួចរាល់ ហើយខ្ញុំនៅតែនឹកអ្នកទាំងអស់គ្នាជានិច្ច»។
គួរបញ្ជាក់ដែរថា Hazard គឺជាខ្សែបម្រើប្រយុទ្ធ ឬខ្សែបម្រើស្លាប ដែលបានបង្ហាញខ្លួននៅបែលហ្ស៊ិកកចាប់ពីឆ្នាំ ២០០៨ នៅអាយុ ១៧ ឆ្នាំ និង បានបង្ហាញខ្លួនចំនួន ១២៦ ដង ដោយស៊ុតបញ្ចូលទីបាន ៣៣ គ្រាប់។ ការសម្រេចចិត្តចូលនិវត្តន៍ពីការប្រកួតអន្តរជាតិនេះដែរ គឺកើតមានឡើង បន្ទាប់ពីក្រុមជម្រើសជាតិបែលហ្ស៊ិកបានធ្លាក់ចេញពី World Cup ២០២២ ក្នុងវគ្គចែកពូល។
គួរឱ្យដឹងដែរថា Hazard បានលេងក្នុងការប្រកួត World Cup ២០២២ នេះទាំងបីប្រកួតក្នុងប្រទេសកាតា ប៉ុន្តែគួរឱ្យសោកស្ដាយបែលហ្ស៊ិករកបានតែមួយគ្រាប់គត់ក្នុងជ័យជម្នះលើកាណាដា កាលពីថ្ងៃទិ ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។ ដោយឡែកលោក Roberto Martinez ដែលជាអ្នកចាត់ការទូទៅរបស់បែលហ្ស៊ិក ក៏បានលាលែងពីតំណែងដូចគ្នាដែរ កាលពីថ្ងៃព្រហស្បតិ៍ ទី ០១ ខែធ្នូ បន្ទាប់ពីធ្លាក់ចេញពី World Cup ២០២២។
គួររំឭកដែរថា Hazard បានចេញពី Chelsea ផ្លាស់ទៅ Real Madrid ក្នុងតម្លៃប្រមាណ ១៥០ លានផោនក្នុងឆ្នាំ ២០១៩។ អំឡុងពេលនៅ Chelsea កីឡាករ Hazard បានចំណាយពេល ៧ ឆ្នាំនៅកីឡដ្ឋាន Stamford Bridge ដោយទទួលបានសមិទ្ធផលឈ្នះ Premier League ២ ដង FA Cup និង EFL Cup ម្តង និង ពានរង្វាន់ Europa League ២ ដង ហើយក្រោយចូលមកកាន់ Real Madrid លោកក៏៏បានឈ្នះពានរង្វាន់ La Liga ចំនួន ២ និង Champions League ទៀត បើទោះជាលោកត្រឹមជាកីឡាករបម្រុងក៏ដោយ៕
ប្រភព៖ BBC