ទម្លាយមូលហេតុ ដែលកីឡាករ Cristiano Ronaldo បង្ហាញការមិនពេញចិត្តចំពោះកីឡាករកូរ៉េខាត្បូង
ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ២០២២ កាលពីយប់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅក្នុងជំនួបរវាងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ជាមួយ កូរ៉េខាងត្បូង នៅនាទី ៦៥ កីឡាករជើងចាស់ Cristiano Ronaldo ប្រធានក្រុមព័រទុយហ្គាល់បានបង្ហាញអារម្មណ៍ខឹងសម្បាមិនពេញចិត្តនៅលើទីលាន ព្រោះកីឡាករកូរ៉េខាងត្បូងម្នាក់ដែលពាក់ឯកសណ្ឋានលេខ ៩។
កីឡាករ Cristiano Ronaldo បាននិយាយថា គាត់បានឈ្លោះប្រកែកគ្នាដោយពាក្យសម្ដីជាមួយកីឡាករកូរ៉េខាងត្បូងម្នាក់ ដែលបានធ្វើការរិះគន់ចំពោះគាត់ ព្រោះតែគាត់ចេញពីទីលានប្រកួតយឺតពេក ពេលដែលគ្រូបង្វឹកស្នើឱ្យប្តូរគាត់ចេញក្នុងអំឡុងពេលប្រកួតនៅនាទី ៦៥ ។
ទោះបីជា ព័រទុយហ្គាល់បានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយក៏ដោយ តែ Ronaldo មើលទៅដូចជាមិនសប្បាយចិត្តនៅពេលដែលគាត់បានដើរចេញពីទីលាន ហើយគាត់បានប្រាក់អ្នកកាសែតថា ៖ «វាបានកើតឡើងនៅពេលដែលខ្ញុំត្រូវបានប្តូរចេញ ដោយសារតែកីឡាករកូរ៉េ Cho Gue-sung បានប្រាប់ខ្ញុំឱ្យចេញឱ្យលឿនជាងនេះ ហើយក៏ខ្ញុំប្រាប់គាត់ឱ្យនៅស្ងៀម ព្រោះគាត់មិនមានសិទ្ធិអំណាចអីក្នុងការបញ្ជាទេ»។
ដោយឡែកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Fernando Santos បាននិយាយថា ៖ «គេខឹងនឹងកីឡាករមកពីកូរ៉េ ហើយគ្រប់គ្នាក៏បានឃើញដូច្នេះដែរ»។ ខណៈពេលដែលខ្សែបម្រើកូរ៉េខាងត្បូង Hwang In-beom បានព្យាយាមដោះស្រាយជម្លោះនេះ ដោយនិយាយថា ៖ «ខ្ញុំមិនបានឃើញទេ ព្រោះខ្ញុំហត់ណាស់។ ខ្ញុំមើលតែលើទីលាន ហើយខ្ញុំក៏គ្មានអ្វីត្រូវនិយាយដែរ»។
គួរបញ្ជាក់ដែរថា ក្នុងការប្រកួតនេះកូរ៉េខាងត្បូងក៏បានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ដូចព័រទុយហ្គាល់ដែរ ក្រោយយកជ័យជំនះក្នុងលទ្ធផល ២-១៕
ប្រភព៖ Sport Star