អ្នកស្នេហាវិស័យបាល់ទាត់ច្បាស់ជាស្គាល់កីឡាករបាល់ទាត់ជម្រើសជាតិដ៏ឆ្នើម ចាន់ វឌ្ឍនាកា ច្បាស់ដូចថ្ងៃ ព្រោះថាកន្លងមកកីឡាករបាល់ទាត់រូបនេះ តែងបង្ហាញខ្លួនយ៉ាងល្អសឹងតែគ្រប់ការប្រកួត ព្រមទាំងបានជួយរកគ្រាប់បាល់ឱ្យក្រុមដើម្បីយកឈ្នះលើគូប្រកួតច្រើនលើកច្រើនសាមកហើយ។
ក្រៅពីមានភាពលេចធ្លោនៅលើទីលានហើយនោះ ចាន់ វឌ្ឍនាកា ក៏ត្រូវបានអ្នកគាំទ្រនារីៗចាប់អារម្មណ៍ខ្លាំងទៅលើមុខមាត់ស្រស់ស្អាត រូបរាងខ្ពស់ស្រឡះ រាងកាយមាំមួនរបស់លោកផងដែរ ដោយឱ្យតែចប់ការប្រកួតៗម្ដងៗ តែងមានអ្នកគាំទ្រជាច្រើន ជាពិសេសនារីៗប្រជ្រៀតគ្នាសុំលោកថតរូបជាមួយដោយទឹកចិត្តស្រឡាញ់គាំទ្រចេញពីបេះដូង។
ងាកមកជីវិតឯកជនវិញ នៅសុខៗកីឡាករបាល់ទាត់សម្បូរដោយប្រជាប្រិយភាពខាងលើ បានបង្ហោះសារចង់បានអ្នកកំដរនៅលើបណ្ដាញទំនាក់ទំនងសង្គម ធ្វើឱ្យស្រីៗជ្រួលជ្រើមចង់ដាក់ពាក្យព្រោងព្រាត ដោយ ចាន់ វឌ្ឍនាកា បានរៀបរាប់បែបលេងផងមែនផងថា ៖ «អាយុទើបតែ ២៨ ឆ្នាំសោះសក់ចាប់ផ្ដើមឡើងស្កូវ មកពីគិតច្រើន ឬមកពីដល់វ័យ! ដូច្នេះមានតែរកមនុស្សមកជួយគិតទេមើលទៅ ហាហា» ដែលអត្ថន័យសារនេះ ធ្វើឱ្យអ្នកគាំទ្រយល់ថា វឌ្ឍនាកា ចង់បានអ្នកមើលថែផ្ទាល់ខ្លួនហើយ៕