ឈរលើអាជីព ២៦ ឆ្នាំ ទីបំផុតស្ដេចប្រដាល់ Manny Pacquiao ប្រកាសចូលនិវត្តហើយ
ស្តេចប្រដាល់សញ្ជាតិហ្វីលីពីន Manny Pacquiao ទីបំផុត បានទម្លាក់ហ្គង់ដៃ ប្រកាសខ្លួនចូលនិវត្តពីសង្វៀនប្រដាល់។
នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ ស្តេចប្រដាល់ Manny Pacquiao បានធ្វើការបង្ហោះវីដេអូរយៈពេល ១៤ នា ទីមួយលើគណនីហ្វេសប៊ុករបស់លោក ដែលប្រកាសពីដំណឹងចូលនិវត្តពីវិស័យប្រដាល់។
ក្នុងវីដេអូនោះដែរ ស្ដេចប្រដាល់វ័យ ៤២ ឆ្នាំរូបនេះបាននិយាយថា ៖ «ខណៈខ្ញុំទម្លាក់ស្រោមដៃខ្ញុំចុះ ខ្ញុំចង់និយាយអរគុណដល់ពិភពលោកទាំងមូល ជាពិសេសពលរដ្ឋហ្វីលីពីនដែលតែងតែគាំទ្រ Manny Paquiao កន្លងមក។ លាហើយការប្រដាល់។ វាពិបាកណាស់សម្រាប់ខ្ញុំ ក្នុងការទទួលស្គាល់ថា ពេលវេលាលើអាជីពជាអ្នកប្រដាល់នេះត្រូវបានបញ្ចប់។ ថ្ងៃនេះ ខ្ញុំសុំប្រកាសថា ខ្ញុំបានចូលនិវត្តហើយ»។
គួរបញ្ជាក់ថា ក្នុងអាជីពជាអ្នកប្រដាល់រយៈពេល ២៦ ឆ្នាំមកនេះ Pacquiao បានប្រកួតចំនួន ៧២ ដង ឈ្នះ ៦២ ដង ចាញ់ ៨ ដង និង ស្មើចំនួន ២ ដង។ ក្នុងការឈ្នះទាំង ៦២ ដងនោះ មាន ៣៩ ដង ផ្ដួលគូប្រកួតឱ្យសន្លប់ និង ២៣ ដងឈ្នះដោយពិន្ទុ៕
ប្រភព៖ Dailymail