អធិរាជកែងឆេះជង្គង់ហោះ លោកគ្រូ អេ ភូថង ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ហើយត្រូវបានក្រុមគ្រូពេទ្យជួរមុខបញ្ជូនឱ្យទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
ក្រោយសម្រាកព្យាបាលជំងឺកូវីដ-១៩ អស់រយៈពេលជាង ១០ ថ្ងៃ អតីតកំពូលអ្នកប្រដាក់គុនខ្មែរដ៏ល្បីបំផុតរបស់កម្ពុជារូបនេះ ត្រូវបានក្រុមគ្រូពេទ្យជួរមុខបញ្ជាក់ប្រាប់ថា ស្ថានភាពនៃជំងឺកូវីដ-១៩ របស់លោកគ្រូបានធូរស្បើយច្រើន កាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាក់ស្តែង កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ តាមការបញ្ជាក់ពីភរិយារបស់លោកគ្រូដែលមានគណនីឈ្មោះ សសុម៉ាលី ភូថង លើកឡើងថា «ឥឡូវនេះ ប្ដីរបស់ខ្ញុំបានធូរស្បើយច្រើនហើយ និង ជិតដល់ថ្ងៃត្រឡប់ទៅផ្ទះវិញហើយ» ។
គួរបញ្ជាក់បន្ថែមថា អតីតកំពូលអ្នកប្រដាក់គុនខ្មែរ លោកគ្រូ អេ ភូថង មានជំងឺប្រចាំកាយជាច្រើនមុខ ដូចជា ខ្លាញ់រុំបេះដូង លើសជាតិអាស៊ីត លើសជាតិស្ករ និង សម្ពាធសសៃបេះដូង ដែលបណ្តាលមកពីការធាត់ជ្រុលរបស់លោក ៕
ប្រភព ៖ សសុម៉ាលី ភូថង