ធារី ចន្ថាប៊ីន ៖ អង្គរវត្តជារបស់កម្ពុជា និង មានតែមួយគត់លើលោក
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន បានបង្ហោះសារមួយក្នុងបណ្តាញសង្គម កាលពីពេលថ្មីៗកន្លងទៅនេះ ដោយសម្តែងការមិនពេញចិត្ត ក្រោយលេចឮព័ត៌មានថាប្រទេសក្បែរខាងកម្ពុជា គឺថៃបានចម្លងរចនាបថ ប្រាសាទអង្គរ យកទៅសាងសង់នៅក្នុងប្រទេសរបស់ខ្លួន ដោយមិនបានការអនុញ្ញាតិពីកម្ពុជា ។
ដោយសារតែជាកីឡាករល្បីលំដាប់អន្តរជាតិ ការបង្ហោះនេះគឺជាចំណែកមួយបង្ហាញឱ្យពិភពលោកបានជ្រាបច្បាស់ និង ដើម្បីរួមកម្លាំងគ្នា បញ្ឈប់សំណង់ដ៏មហិមាដែលមានគំរូស្រដៀងកម្ពុជាមួយនេះជាបន្ទាន់ ។ បន្ថែមពីលើនេះ គេក៏បានបន្ថែមរូបភាពមួយចំនួន ដែលក្រុមគ្រួសាររបស់គេ បានសាងអនុស្សាវរីយ៍នៅក្នុងបរិវេណប្រាង្គប្រាសាទដ៏ល្បីរបស់ខ្មែរមួយនេះទៀតផង ។
គួរឱ្យដឹងដែរថា ធារី ចន្ថាប៊ីន គឺជាកីឡាករកូនកាត់ខ្មែរបារាំង ដោយបានសម្រេចចិត្តលេងឱ្យជម្រើសជាតិកម្ពុជា ទោះបីជាគេធ្លាប់ជាប់ជម្រើសជាតិបារាំងកាលពីពេលកន្លងមកក្តី ក៏អាចរាប់ថាជាកីឡាករជោគជ័យបំផុតរបស់កម្ពុជាផងដែរ ដោយសារតែធ្លាប់ប្រកបអាជីពនៅក្រៅស្រុកបានច្រើនក្លិប និង យូរជាងគេបង្អស់ ៕